26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន លើក​រឿង​លោក សម រង្ស៊ី បាត់​ឱកាស​ជា​ការ​បង្វែង​រឿង​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​លោក សម រង្ស៊ី មិន​ចូលរួម​រំលែក​ទុក្ខ​បងប្រុស​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​នោះ គ្រាន់តែ​ជា​ការ​បង្វែង​ព័ត៌មាន​ទាក់ទង​នឹង​លោក កឹម សុខា ដែល​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​កំពុង​ចាប់​អារម្មណ៍ និង​តឿន​ឱ្យ​ដោះស្រាយ​ប៉ុណ្ណោះ។

ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកវិភាគ​តាម​បណ្ដាញ​សង្គម​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​មិន​ចេះ​គ្រប់គ្រង​ឱកាស ដោយ​ថា​លោក សម រង្ស៊ី មិន​បាន​ផ្ញើ​លិខិត​ចូលរួម​មរណទុក្ខ​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​របស់​លោក​ឡើយ។

តែ​យ៉ាងណា អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នា​ពេលនេះ​ថា​កំពុង​ព្យាយាម​បង្វែង​ព័ត៌មាន​ទាក់ទង​នឹង​លោក កឹម សុខា ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​កំពុង​ចាប់អារម្មណ៍ និង​តឿន​ឱ្យ​ដោះស្រាយ។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ប្រឹង​រក​ហេតុផល​ពន្យល់​ពួក​អ្នក​ធ្លាប់​រិះគន់​គាត់​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​បុគ្គល​រវាង​លោក និង​លោក សម រង្ស៊ី ខណៈ​លោក ហ៊ុន សែន ទំនង​ជា​ស្ដាយ​លោក សម រង្ស៊ី ខ្លាំង ដោយសារ​លោក​ខំ​បញ្ចុះបញ្ចូល​លោក កឹម សុខា ឱ្យ​ធ្វើ​តាម​គាត់ ប៉ុន្តែ​នៅតែ​មិន​បាន​សម្រេច។ ហេតុ​ដូច្នេះ​ហើយ លោក ហ៊ុន សែន អាច​គិត​ឃើញ​ថា បើសិនជា​គាត់​មិន​ធ្លាក់​ក្នុង​ទំនាស់​បុគ្គល​ជាមួយ​លោក សម រង្ស៊ី ជ្រុល​ពេក​ទេ នឹង​អាច​ជជែក​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ហើយ​ទំនង​ជា​ឆាប់​ត្រូវ​គ្នា​ហើយ ខណៈ​លោក កឹម សុខា ដែល​ទន់ភ្លន់ ប៉ុន្តែ​មាន​ជំហរ​រឹងមាំ​ខាង​នយោបាយ មិន​ងាយ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន អូសទាញ​បាន។

លោក គឹម សុខ បន្ត​ថា លោក ហ៊ុន សែន ទំនង​ជា​ស្ដាយ​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​ប្រឆាំង​ម្នាក់​ជាច្រើន​ដង​ដែល​បាន​ផ្ដល់​ផលប្រយោជន៍​នយោបាយ​ធំធេង​ដល់​លោក។ ជាក់ស្ដែង ដូចជា​កាលពី​ឆ្នាំ​២០០៦ លោក សម រង្ស៊ី ជួយ​លោក ហ៊ុន សែន កែ​រដ្ឋធម្មនុញ្ញ ២/៣ មក ៥០%​បូក​១ ដើម្បី​ជួយ​លើក​អំណាច​ឱ្យ​លោក ហ៊ុន សែន ១០០% ខណៈ​កាលពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ លោក សម រង្ស៊ី ដឹកនាំ​សមាជិក​សភា CNRP ចូល​សភា ដែល​អាច​សម្រួល​ឱ្យ​អំណាច​លោក ហ៊ុន សែន ពេញ​ច្បាប់ ហើយ​នៅ​ពេល​ក្រោយ​រំលាយ​សង្គ្រោះ​ជាតិ​ឆ្នាំ​២០១៧ លោក សម រង្ស៊ី បែរជា​ប្រមូល​គ្នា​ចេញ​ក្រៅ​ប្រទេស​ផ្ដល់​ផល​នយោបាយ​ឱ្យ​លោក ហ៊ុន សែន ងាយ​រៀប​កម្លាំង​ពង្រឹង​អំណាច ជាដើម។

អ្នកវិភាគ​រូប​នេះ​ថា​ការ​វិវឌ្ឍ​នយោបាយ លោក សម រង្ស៊ី គ្មាន​លក្ខណៈ​សម្បត្តិ​ជា​អ្នក​នយោបាយ​ដែល​ចេះ​ប្រើ​ការ​អត់ធ្មត់ ដើម្បី​ដណ្ដើម​ឈ្នះ​នយោបាយ​ជន​ផ្ដាច់ការ​នោះ​ទេ ទាំង​សកម្មភាព និង​ពាក្យ​សម្ដី​របស់​លោក សម រង្ស៊ី ទៀតសោត ប្រើ​មិន​ត្រូវ​កាលៈទេសៈ​ចាំបាច់ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នយោបាយ​ជាក់ស្ដែង​ឡើយ។ ជាក់ស្ដែង ជា​ធម្មតា​ដើម្បី​បិទ​បាំង​កំហុស​យុទ្ធសាស្ត្រ​របស់​ខ្លួន លោក សម រង្ស៊ី ចូលចិត្ត​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ទាក់ទាញ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​ពេល​ខ្លះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​លោក ហ៊ុន សែន ដែរ។

លោក សម រង្ស៊ី កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​បារាំង បាន​បរាជ័យ​ក្នុង​ការ​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ចាប់តាំងពី​មាន​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​កាលពី​ចុង​ឆ្នាំ​២០១៧ មក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស