27 C
Phnom Penh

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ដែល​ធ្លាប់​ត្រូវ​ទាហាន «ង​៧០» បាញ់ ស្នើ​ក្រសួង​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​នៅ​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឡើង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីនោះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ពោធិ៍មាស ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ថា ពួកគាត់​នាំគ្នា​តវ៉ា​កន្លងមក​គ្រាន់តែ​ចង់​រក្សា​ព្រៃឈើ​ទុក ដោយ​ថា​បច្ចុប្បន្ន ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​កាប់​បំផ្លាញ ទោះបីជា​ព្រៃ​នេះ​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​ផ្តល់​នូវ​ផល​អនុផល​ព្រៃឈើ​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​សហគមន៍​ក៏ដោយ។

ស្ត្រី​វ័យ​ចំណាស់​ដែល​ធ្លាប់​ត្រូវ​បាន​ក្រុម​ទាហាន «ង​៧០» វាយ​ឱ្យ​រង​របួស​រូប​នេះ​បន្ត​ថា ពលរដ្ឋ​ខ្លះ​ទៀត​ដែល​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី​នា​ថ្ងៃ​ទី​៩ ឧសភា នេះ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ ដែល​បាន​អូស​បន្លាយ​ចូល ១២​ឆ្នាំ​មក​ហើយ ដែល​មក​ដល់​បច្ចុប្បន្ន មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក សយ សាត បាន​រៀបរាប់​ប្រាប់​ទៅ​មន្ត្រី​ក្រសួង​ដែនដី​ដែល​ចេញ​មក​ទទួល​ញត្តិ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​ក្នុង​ព្រៃ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​កើតឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ ហើយ​នៅ​ពេល​ដែល​ពួកគាត់​ទៅ​ហាមឃាត់ និង​ទប់ស្កាត់ បែរជា​ក្រុម​ទាហាន​មក​បាញ់​គំរាម​វាយ​ខ្នោះ និង​សម្លាប់​ពលរដ្ឋ​ទៅវិញ។

លោក​បន្ត​ថា បើសិនជា​ក្រសួង​ដែនដី​មិន​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យ​បញ្ឈប់ និង​ជួយ​ទប់ស្កាត់​ទេ ព្រៃឈើ​ដែល​ជា​ជម្រក​សត្វ​គ្រប់​ប្រភេទ និង​ជា​កន្លែង​ពលរដ្ឋ​អាស្រ័យ​ផល​នោះ នឹង​វិនាស​ដោយសារ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ដី​ស្ទើរ​រាល់​ថ្ងៃ​ពី​សំណាក់​ក្រុម​ទាហាន និង​ពលរដ្ឋ​មួយ​ចំនួន​តូច​ទាំងនោះ។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ក្រុម​ទាហាន​គំរាម​បាញ់​ប្រជាពលរដ្ឋ​ទាំង​ឃោរឃៅ ដោយ​គ្រាន់តែ​ពួកគាត់​នាំគ្នា​តវ៉ា​មិន​ឱ្យ​ឈូស​ឆាយ​ដី​ព្រៃ​ដែល​ជា​ជម្រក​សត្វ និង​កន្លែង​សម្រាប់​ពលរដ្ឋ​ថែរក្សា​ព្រៃ។

លោក សយ សាត អះអាង​ថា ការ​ស្នើសុំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់ ដោយ​ថា​ការ​តវ៉ា និង​ស្នើ​របស់​ពួកគាត់​តាំង​ពី​ដើម​រហូត​ដល់​ពេល​នេះ មិនមែន​ចង់​បាន​ជា​ដី​ឯកជន​ទេ ប៉ុន្តែ​ពួកគាត់​តែង​ចង់​ថែរក្សា​ព្រៃ​នេះ​ទុក​ជា​ទី​សក្ការៈ​របស់​វត្ត និង​ទុក​សម្រាប់​សហគមន៍​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ឃើញ និង​ដឹង ហើយ​រដ្ឋ​ត្រូវ​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ។

ការ​ដែល​ពលរដ្ឋ​ប្រមាណ ៧០០​នាក់​ដែល​នាំគ្នា​ឡើង​មក​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ ទី​៩ ឧសភា នេះ បន្ទាប់ពី​ក្រុម​ទាហាន «ង​៧០» ធ្លាប់​បាញ់​គំរាម និង​ប្រើ​ហិង្សា​លើ​ប្រជា​សហគមន៍​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បាក់​ដៃ និង​របួស​មុខ ជាដើម។

វិវាទ​ដីធ្លី​នេះ​បាន​កើតឡើង​ចាប់តាំងពី​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ដោយ​បាន​កាត់​ដី​ទំហំ​ជាង ២៦០​ហិកតារ (២៦២,២៤​ហិកតារ) ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ទៅ​ឱ្យ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ​សម្រាប់​ធ្វើ​លំនៅឋាន និង​បង្កបង្កើនផល។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វី សំណាង ធ្លាប់​អះអាង​ថា ដី​ដែល​កាត់​ទៅ​ឱ្យ​គ្រួសារ​កងទ័ព​នេះ មិន​ប៉ះពាល់​ដល់​ដី​សហគមន៍​ឡើយ។ លោក​បាន​ចោទ​ពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​នោះ​ថា​ជា​ក្រុម​បក្ស​ប្រឆាំង ហើយ​ថា​ការ​តវ៉ា​នោះ​មាន​ការ​ញុះញង់​ពី​មេខ្យល់ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

ការ​អះអាង​របស់​អភិបាល​ខេត្ត​កំពង់ស្ពឺ ធ្វើឡើង​ផ្ទុយ​ពី​ការ​រក​ឃើញ​របស់​ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែល​ចុះ​ពិនិត្យ​ករណី​នេះ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា​ការ​កាត់​ដី​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ របស់​ក្រសួង​បរិស្ថាន ដើម្បី​បែងចែក​ឱ្យ​ទៅ​គ្រួសារ​កងទ័ព​នៅ​ឃុំ​ត្រពាំងជោរ កន្លងមក មាន​ភាព​មិន​ប្រក្រតី​ជាច្រើន និង​បាន​ប៉ះពាល់​ដល់​ដី​សហគមន៍​ថែម​ទៀត។ ការ​ប៉ះពាល់​ដី​សហគមន៍​នេះ បាន​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​រងគ្រោះ ក្នុង​នោះ​ពលរដ្ឋ​ចំនួន ១០​នាក់​កំពុង​រង​បណ្តឹង​នៅ​តុលាការ ដោយ​ថា​ក្រុម​ទាហាន​បាន​ប្ដឹង​បន្ទាប់ពី​ពួកគាត់​នាំគ្នា​តវ៉ា និង​ចុះ​ទប់ស្កាត់​ការ​ឈូស​ឆាយ​ដី​ព្រៃ។

បើ​តាម​ក្រុម​សហគមន៍ ឱ្យ​ដឹង​ថា សហគមន៍ «ឧត្ដម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» មាន​ផ្ទៃ​ដី​ព្រៃ​ទំហំ​ជាង ២​ពាន់​ហិកតារ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​ឯកជន និង​ក្រុម​ទាហាន​បាន​នាំគ្នា​ចូល​ទៅ​រំលោភ​យក​ជា​បន្តបន្ទាប់ ដែល​បច្ចុប្បន្ន​នេះ ដី​ព្រៃ​សហគមន៍​នៅសល់​ដី​តិចតួច​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស