27 C
Phnom Penh

ភាគ​១៖ តើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​និង​សង្គម​ជាក់ស្តែង ខុស​គ្នា​និង​ដូច​គ្នា​បែប​ណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​សេដ្ឋកិច្ច​ជាតិ តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ចាត់ចែង​របៀប​ដូចម្តេច?

ក្នុង​ភាគ​ទី​១ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​របៀប​ចាត់ចែង​ធនធាន​ភោគទ្រព្យ​ជាតិ ថា​តើ​ការពិត​នៅ​ឯណា។

ប្រទេស​មួយ​រស់រាន រីកចម្រើន រុងរឿង ពលរដ្ឋ​សប្បាយ​រីករាយ មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​អាស្រ័យ​លើ​សេដ្ឋកិច្ច​ជាតិ​លូតលាស់។ សេដ្ឋកិច្ច​ជាតិ​លូតលាស់​អាស្រ័យ​លើ​ការ​គ្រប់គ្រង​ចាត់ចែង​សម្បត្តិ​ទ្រព្យ​ជាតិ មាន​ធនធាន​ធម្មជាតិ​ជាដើម បាន​ល្អ​ប្រសើរ មិន​ខ្ជះខ្ជាយ បង្ហិនបង្ហោច បំផ្លិចបំផ្លាញ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ។ ការ​គ្រប់គ្រង​ចាត់ចែង​ធនធាន​ធម្មជាតិ​បាន​ត្រឹមត្រូវ នាំ​មក​នូវ​ចំណូល ហៅថា​ថវិកា​ដល់​ឃ្លាំង​រដ្ឋ ឬ​រតនាគារ​សម្រាប់​ស្ថាបនា អភិវឌ្ឍ​ជាតិ ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ឲ្យ​មាន​ជីវភាព​សមរម្យ រក្សា​សុខុមាលភាព និង​ឈាន​ទៅ​ដល់​សុភមង្គល​ដូច​គ្នា ឬ​ប្រហាក់ប្រហែល​គ្នា។

សេដ្ឋកិច្ច​ជា​ពាក្យ​ដែល​មនុស្សម្នា​និយាយ​សព្វថ្ងៃ​សំដៅ​ទៅលើ​ស្ថានភាព​នៃ​ជីវភាព​ដែល​ខ្លួន​មាន ឬ​គ្មាន ឬ​ខ្វះខាត មិន​គ្រប់គ្រាន់ ស្ថានភាព​នៃ​ជីវភាព​ដែល​ខ្លួន​រក​ចំណូល​បាន ឬ​មិន​បាន។ ឧទាហរណ៍​ដូចជា សេដ្ឋកិច្ច​គ្រួសារ​មាន ឬ​ក្រ​ខ្សត់ សេដ្ឋកិច្ច​ជាតិ​រីកចម្រើន កើនឡើង ឬ​ឱនថយ ធ្លាក់​ចុះ។ ខ្មែរ​ប្រែ​ពាក្យ​សេដ្ឋកិច្ច​ទៅជា​ភាសា​អង់គ្លេស​ថា economy ជា​ភាសា​បារាំង​ថា économie។

ចំពោះ​ពាក្យ​អង់គ្លេស economy ឬ​ពាក្យ​បារាំង économie វិញ តាម​វចនានុក្រម​ភាសា​អង់គ្លេស Collins, Mariam Webster, Cambridge និង Wikipedia មាន​ឫសគល់​ពី​ពាក្យ​ក្រិក ដែល​មាន​ន័យ​ថា ការ​ចាត់ចែង​គ្រប់គ្រង​ក្នុង​ផ្ទះ​សម្បែង ពោល​គឺ​មាន​ន័យ​ថា ចាត់ចែង​គ្រប់គ្រង​ធនធាន​ដែល​មាន ទោះ​តិច​ក្តី ច្រើន​ក្តី ឲ្យ​ហ្មត់ចត់​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ខ្ជះខ្ជាយ​ខាតបង់។

បើ​និយាយ​ពី​ប្រទេស​ជាតិ គឺ economy ការ​ចាត់ចែង គ្រប់គ្រង ប្រើប្រាស់​ទ្រព្យសម្បត្តិ​ក្នុង​ប្រទេស​មួយ ដូចជា​លុយកាក់​ប្រាក់កាស ធនធាន​ធម្មជាតិ​ជាដើម ឲ្យ​ត្រឹមត្រូវ​តាម​បែបបទ ក្បួនខ្នាត​លើ​ធនធាន​ដែល​ខ្សត់​នៅក្នុង​ផលិតកម្ម ការ​ចែកចាយ ជួញដូរ លក់​ផលិតផល និង​ក្នុង​ឧស្សាហកម្ម។ បើ​ពុំ​មាន​ការ​ចាត់ចែង គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​មួយ​នោះ​ត្រឹមត្រូវ​ដោយ​ប្រការ​ណា​មួយ ប្រទេស​នោះ​ហិនហោច​ធនធាន​ធម្មជាតិ សេដ្ឋកិច្ច​ឱនថយ ដើរ​សុំ​ជំនួយ​គេ ដើរ​បុល​គេ សុខុមាលភាព​ប្រជាពលរដ្ឋ​ដុនដាប ក្ររហាម គ្មាន​សុភមង្គល។

ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក សម្បូរ​ពេជ្រ​ជាងគេ​លើ​ពិភពលោក ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​គ្មាន​ពេជ្រ​ល្អ​ពាក់​ទេ ថែមទាំង​ក្រីក្រ​តោកយ៉ាក​ទៀត​ផង។

សេដ្ឋកិច្ច ឬ​សេដ្ឋកម្ម តាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត មាន​ន័យ​ថា កិច្ចការ​ប្រសើរ​បំផុត; មុខរបរ​ដ៏​ឧត្តម; មុខការ​របរ​ដែល​មាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ប្រទេស​នីមួយៗ។ សេដ្ឋកម្ម ឬ​សេដ្ឋកិច្ច ឬ​កិច្ចការ មុខរបរ គឺ​មនុស្ស​ជា​អ្នក​គ្រប់គ្រង​ចាត់ចែង។ កិច្ចការ ឬ​មុខរបរ​ទាំងឡាយ​នឹង​មាន​ភាព​ប្រសើរ​ដ៏​ឧត្តម​បំផុត​នោះ លុះត្រាតែ​មនុស្ស​មាន​ការ​យល់​ឃើញ​ត្រូវ (សម្មាទិដ្ឋិ) ការ​ត្រិះរិះ​ត្រូវ ឬ​គិត​ត្រូវ (សម្មាសង្កប្បៈ) ការ​ធ្វើ​កិច្ច​ការងារ​ត្រូវ (សម្មាកម្មន្តៈ) ការ​រកស៊ី​ចិញ្ចឹម​ជីវិត​ត្រូវ (សម្មាអាជីវៈ)។

ប្រទេស​កម្ពុជា ដែល​ហៅថា​ទឹកដី​សុវណ្ណ​ភូមិ សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ព្រៃឈើ​ប្រណីតៗ ដី​មាន​ជីជាតិ រ៉ែ​ក្នុង​ដី​លើ​ដី​ក្នុង​សមុទ្រ មាន​ប្រេងកាត មាស ត្បូង ធ្យូងថ្ម បឹង​ទន្លេសាប​ពោរពេញ​ដោយ​ត្រី​គ្រប់​មុខ។ ទឹកដី​ដែល​គួរតែ​ជា​ទឹកដី សេដ្ឋៈ ឬ​ទឹកដី​ប្រសើរ​លើសលន់ ឧត្តុង្គឧត្តម​នោះ បាន​ក្លាយ​ជា​ទឹកដី​ដូច​ត្រូវ​បណ្តាសា curse អភ័ព្វ​ចង្រៃ ឧបទ្រព អពមង្គល ព្រោះតែ​មគ្គទេសក៍ ឬ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​តាម​បែបបទ​ក្បួនខ្នាត មិន​ត្រឹមត្រូវ​តាម​ន័យ​នៃ​ពាក្យ​ថា សេដ្ឋកម្ម ឬ​សេដ្ឋកិច្ច។

គណបក្ស​ប្រជាជន​កម្ពុជា

ក្នុង​រយៈកាល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​កន្លះ​សតវត្ស​មក​នេះ អតីត​បក្ស​កុម្មុយនីស្ត​ហៅថា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​រុញច្រាន​ទឹកដី​សុវណ្ណ​ភូមិ​ពី​របៀប​របប​គ្រប់គ្រង​មួយ​តាម​បែប​ប្រជាធិបតេយ្យ​សមរម្យ​តាម​សម្មាទិដ្ឋិ កាន់តែ​ធ្លាក់​ទៅជា​នគរ​ប្រកប​ដោយ​អាការ​មិច្ឆាទិដ្ឋិ ពោរពេញ​ដោយ​កិច្ចការ ឬ​មុខរបរ​ទាំងឡាយ​ពុំ​មាន​ភាព​ប្រសើរ​ដ៏​ឧត្តម​បំផុត​នោះ​ទេ ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​ការ​យល់​ឃើញ​ខុស (មិច្ឆាទិដ្ឋិ) ការ​ត្រិះរិះ​ខុស ឬ​គិត​ខុស (មិច្ឆាសង្កប្បៈ) ការ​ធ្វើ​កិច្ច​ការងារ​ខុស (មិច្ឆាកម្មន្តៈ) ការ​រកស៊ី​ចិញ្ចឹម​ជីវិត​ខុស (មិច្ឆាអាជីវៈ) ផ្ទុយ​ពី​ព្រះពុទ្ធ​ឱវាទ។ ប្រទេស​កាន់​ជំនឿ​ព្រះពុទ្ធសាសនា​មួយ​នេះ ក្លាយ​ជា​ទឹកដី​ជា​នគរ​សម្បូរ​ការ​ប្រព្រឹត្ត​បាបកម្ម ជា​ចោរកម្មាធិបតេយ្យ kleptocracy គ្រប់គ្រង​ចាត់ចែង​ដោយ​នាហ្មឺន មន្ត្រី​រាជការ ទាហាន​ស៊ីវិល សឹងតែ​គ្រប់​ស្ថាប័ន​រដ្ឋ​មាន​ប្រវត្តិ​អសីលធម៌ អយុត្តិធម៌ រំលោភ​ជិះជាន់​មនុស្ស ពុករលួយ លួច​ប្លន់​ភោគទ្រព្យ​ជាតិ ធ្វើ​ឃាត​មនុស្ស បំពាន​រដ្ឋធម្មនុញ្ញ បំពាន​ច្បាប់​ប្រទេស​របស់​ខ្លួន។

ក្នុង​រយៈ​អន្តរកាល​នៃ​ការ​ប្តូរ​ធាតុ​អាការ​ពី​មនោគមវិជ្ជា កុម្មុយនីស្ត​និយម សង្គម​និយម មក​ជា​អាការ​មនោគមវិជ្ជា​មូលធន​និយម​បែប​លោក​សេរី បស្ចិម​ប្រទេស​ចុង​ទសវត្ស​១៩៨០ បក្ស​ប្រជាជន​កម្ពុជា​បាន​បែង​ចែកចាយ​សម្បត្តិ​ជាតិ​ឲ្យ​ក្រុម បក្ខពួក ជា​គ្រួសារ ជា​មិត្ត ជា​ក្លើ ជា​ម្រាក់។ ក្រោយ​រៀង​មក គេ​បែងក្រឡា​ចែក​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​លើ​ធនធាន​ធម្មជាតិ​ខ្មែរ​ពាសពេញ​ផ្ទៃ​ប្រទេស ដោយ​គ្មាន​ប្រជាពលរដ្ឋ​ណា​ដឹង​ឮ​ឡើយ។

អ្នក​ចេញពី​សាលា​កុម្មុយនីស្ត​និយម និង​សង្គម​និយម គេ​រៀន​ទ្រឹស្ដី​មួយ​ពី​ទស្សនវិទូ និង​មេ​បដិវត្តន៍​ណា​មួយ​ក្នុង​ចំណោម​មេ​មនោគមវិជ្ជា ៣​នាក់៖

  • កាល់ ម៉ាក្ស ( Karl Heinrich Marx) (សតវត្ស​ទី​១៩, ១៨១៨−១៨៨៣)
  • វឡាឌីមៀ ឡេនីន (Vladimir Ilyich Lenin) (ពី​សតវត្ស​ទី​១៩-ទី​២០, ១៨៧០-១៩២៤)
  • ហ្សោហ្សេហ្វ ស្តាលីន (Joseph Vissarionovich Stalin) (សតវត្សទី២០, ១៩២២-១៩៥៣) ពេល​គេ​ប្រឆាំង​នឹង​ទស្សនៈ​សេដ្ឋកិច្ច ឬ​ទីផ្សារសេរី។

គេ​ថា៖ ពួក​នាយទុន​និយម​នឹង​លក់​ខ្សែពួរ​ឲ្យ​យើង ដែល​យើង​នឹង​យក​ទៅ​ព្យួរ​ក​ពួកគេ​វិញ។ សព្វថ្ងៃ​នេះ អ្នក​ទាំងនោះ​រស់​ជាមួយ​លុយ​ដុល្លារ​ពី​ក្រុម​នាយទុន​ពី​សេដ្ឋកិច្ច​មូលធន​និយម​ទាំងអស់​គ្នា

ក្នុង​អាជីវកម្ម​បំផ្លាញ​ជាតិ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ដីខ្សាច់​ទន្លេ និង​សមុទ្រ​លក់​ចេញ​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី មាន​ទឹកប្រាក់​ប្រមាណ ៧០០​លាន​ដុល្លារ។ នាយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ស៊ុយ សែម ថា​បាន​ចំណូល​តែ​ប្រមាណ ៥​លាន​ដុល្លារ​ប៉ុណ្ណោះ។ ចំណូល​ពី​ក្រុមហ៊ុន​រាវ​រ៉ែ​ដទៃ​ទៀត​ក្នុង​ឆ្នាំ​២០១៦ ត្រូវ​បាន ៨០​លាន​ដុល្លារ ប៉ុន្តែ​ក្រសួង​ថា​បាន​ចំណូល​តែ ១៧​លាន​ដុល្លារ។

ទស្សនាវដី្ត​ជប៉ុន Japan Times ផ្សាយ​ខែ​ឧសភា ឆ្នាំ​២០២១ ថា ដីខ្សាច់​ស្រុក​ខ្មែរ​បូម​ជិត​អស់​ហើយ។ អ្នក​ខ្លះ​ធ្វើ​ភ្នែក​ស្លឺ​មិន​ជឿ​ថា​ខ្សាច់​អាច​អស់ ទោះ​ជា​បូម​លក់​អស់ ៥៥​លាន​តោន​ក្នុង​ឆ្នាំ​២០១១ ក៏ដោយ។

សាឡង់​ដឹក​ខ្សាច់ (រូបភាព​អង្គការ​មាតា​ធម្មជាតិ )

ការ​បន្លំ លួច ប្លន់ គៃ​ប្រវ័ញ្ច ស៊ីសំណូក​សូកប៉ាន់​ពី​ពួក​មន្ត្រី​ពុករលួយ​គគ្រក់​ទាំងអស់​នោះ មិន​ត្រឹមតែ​ក្នុង​រឿង​លក់​ដីខ្សាច់​ប៉ុណ្ណោះ​ទេ ព្រៃឈើ​ខ្មែរ​ក៏​ហិនហោច រ៉ែ​មាស រ៉ែ​ត្បូង រ៉ែ​ប្រេងកាត​ក៏​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ម្ចាស់​នគរ​ដែរ។ ប្រេងកាត​បូម​បាន ចោរ​លួច​ដឹក​យក​អស់ រ៉ែ​មាស​ចិន​កាយ​ខ្ទេច ដឹក​ទៅ​រែង​ស្រុក​គេ​សឹងតែ​រលាយ​ភ្នំ​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ។ តំបន់​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​រាប់​សែន​ហិកតារ មុខរបរ​ធំៗ​ជា​ដង្ហើម​សេដ្ឋកិច្ច​ជាតិ​ស្ថិត​នៅ​ក្នុង​ដៃ​បក្សពួក មិត្តភ័ក្ដិ ក្រុម​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោង​តាម​សេចក្តី​រាយការណ៍​ស្រាវជ្រាវ​នៃ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​បាត់បង់​ផ្ទៃដី​ព្រៃឈើ​គ្រប​ដណ្តប់​ទំហំ ២​លាន ២​សែន​ហិកតារ។

ភ្នាក់ងារ​ស៊ើបអង្កេត​ខាង​បរិស្ថាន (Environmental Investigative Agency) និង​អង្គការ Global Initiative រាយការណ៍​ក្នុង​ឆ្នាំ​២០២១ ថា ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន​យៀកណាម ភីអិនធី និង ធី ង៉ា កាប់​ឈើ​ដឹក​ចេញ​ទៅ​យៀកណាម មាន​ទឹកប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ ក្រុមហ៊ុន Think Biotech និង​អង្គរ​ប្លាយវោធ (Angkor Plywood) កាប់​ឈើ​ដឹក​ចេញ​មាន​ទឹកប្រាក់​ជាង ៤០០​លាន​ដុល្លារ។ ក្រៅពី​នេះ​មាន​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ទ្រី ភាព ទៀត ប៉ុន្តែ​ពុំ​មាន​នរណា​ដឹង​ថា​មាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ទេ។

ក្រៅពី​តែ​អំពើ​គប់គិត ស៊ីសំណូក ពុករលួយ លួច​លុយ​ជាតិ​ដែល​បាត់​ថវិកា​មួយ​ឆ្នាំៗ​យ៉ាង​តិច ៥០០​លាន​ដុល្លារ បើ​តាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក Carol Rodley ថ្លែង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០០៩ នោះ ឈ្មួញ ពាណិជ្ជករ អាជីវករ សហគ្រិន ជាពិសេស​អ្នក​រកស៊ី​មាន​ខ្សែ ឬ​ខ្នង​ក្រាស់​នឹង​មេដឹកនាំ ក៏​មិន​បង់​ពន្ធដារ​ឲ្យ​រដ្ឋ​ត្រឹមត្រូវ​លើ​ផល​ចំណេញ​របស់​ខ្លួន​ដែរ។ ប៉ុន្តែ​ពេល​រក​ខ្ចីបុល​បរទេស ប្រមុខ​រដ្ឋាភិបាល​តែងតែ​បង្ហើរ​ពាក្យពេចន៍​ស្រស់ស្រាយ​អំពី​ការ​ប្រមូល​ពន្ធដារ​បាន​សន្ធឹកសន្ធាប់​ចូល​រដ្ឋ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នា​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លងទៅ​នេះ​ថា៖ លោក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ថ្ងៃ​នេះ ពីព្រោះ​ជា​ថ្ងៃ​ដែល​រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង ៦០០​លាន​ដុល្លារ​មក​ទល់​ខែ​មីនា មួយ​គត់។ ក្នុង​ត្រីមាស​ដើម​ឆ្នាំ​២០២២ រដ្ឋ​ប្រមូល​ពន្ធ ១២០០​លាន​ដុល្លារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ស្ពាន ៧​កន្លែង​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

យោង​តាម​ការ​ចុះផ្សាយ​ពី​ព្រឹត្តិបត្រ​សេដ្ឋកិច្ច​ឈ្មោះ B2B (Business 2 Business) ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​អះអាង​ថា ផលទុន​ក្នុង​ស្រុក​សរុប​ជា​ចំណូល​ម្នាក់ៗ ហៅ​តាម​អង់គ្លេស​ថា per capita GDP ក្នុង​មួយ​ឆ្នាំ​២០២២ មាន​ចំនួន ១៨៤២​ដុល្លារ ($1,842) លើស​ពី​ឆ្នាំ​២០២១ ដែល​មាន ១៧៣០​ដុល្លារ ($1,730)។ ក្នុង​ឆ្នាំ​២០២១ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា ផលិតផល​កសិកម្ម​លក់​ចេញ​បាន​ចំណូល​ជិត ៤​ពាន់​លាន​ដុល្លារ។ ផលិតផល​គ្រាប់​ធញ្ញជាតិ​ទាំងអស់​មាន​តម្លៃ​ស្មើ​នឹង​ជិត ១១​ពាន់​លាន​ដុល្លារ នាំចេញ​សត្វចតុបាទ​យក​សាច់​បរិភោគ​ក្នុង​ឆ្នាំ​២០២១ មាន​តម្លៃ​ទឹកប្រាក់​ជាង ៦៦​លាន​ដុល្លារ។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា រាយការណ៍​ថា ក្នុង​ឆ្នាំ​២០២១ នាំចេញ​កង់​ជិះ​មាន​ទឹកប្រាក់​ជាង ៥៦៦​លាន​ដុល្លារ ហើយ​ការ​ដាក់​ទុន​វិស័យ​សំណង់​អចលនទ្រព្យ​មាន​ទឹកប្រាក់​ជាង ៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដដែល។ បើ​សេចក្តី​រាយការណ៍​ទាំងនេះ​មាន​សេចក្តី​ពិត ឥត​ក្លែង​បន្លំ ប្រទេស​កម្ពុជា​មាន​ភ័ព្វ​សំណាង​លើស​ប្រទេស​ដទៃ​ក្នុង​លោក ព្រោះថា​ប្រទេស​ក្នុង​ពិភពលោក​មាន​សេដ្ឋកិច្ច​ធ្លាក់​ចុះ អាជីវកម្ម​បិទ​ទ្វារ មនុស្ស​អត់​ការងារ​ធ្វើ បាត់បង់​ចំណូល​នោះ។

ដោយឡែក​ពី​រឿង​សេដ្ឋកិច្ច​កើនឡើង​ក្រឺតៗ​ក្នុង​រយៈកាល​នៃ​ការ​រីក​រាលដាល​ជំងឺ​ឆ្លង​កូវីដ-១៩ នៅ​ប្រទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​គិត​ថា​រដ្ឋ​មាន​ថវិកា​អភិវឌ្ឍ​ជាតិ មិន​បាច់​ដើរ​ខ្ចីបុល​អ្នក​ណា ស្រុក​ណា​ទេ។ ផ្ទុយទៅវិញ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា កន្លងទៅ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស៊ុន ចាន់ថុល ថ្លែង​ថា ក្រសួង​កំពុង​រង់ចាំ​បំណុល​សម្បទាន ឬ​ហៅ​តាម​អង់គ្លេស​ថា concession loans ចំនួន​ពី ៦០ ទៅ ៧០​លាន​ដុល្លារ​ពី​ភាគី​ចិន ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​ពី​ទី​រួម​ខេត្ត​កំពត ទៅ​វាលរេញ ប្រវែង ២០​គីឡូម៉ែត្រ។ ផ្លូវ​ចម្ងាយ ២០​គីឡូម៉ែត្រ​មាន​កំណាត់​ប្រវែង ៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ដី​ស្អុយ​ជីក​កាយ​ចុះក្រោម​ជម្រៅ ១៨​ម៉ែត្រ។ រីឯ​កំណាត់​ផ្លូវ​ប្រវែង ១៥​គីឡូម៉ែត្រ​ទៀត ត្រូវ​ការ​ចាក់​គ្រឹះ​ចាក់​បេតុង​ពង្រឹង​បន្ថែម ដើម្បី​ធានា​គុណភាព​តាម​ក្បួន​បច្ចេកទេស​មិន​ឲ្យ​បាក់​ស្រុត។

ចំណុច​នេះ បង្ក​ជា​ចម្ងល់​ថា ហេតុ​អ្វី​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​រក​ថវិកា​ជួសជុល​ផ្លូវ​ថ្នល់ ២០​គីឡូម៉ែត្រ ចាក់​កៅស៊ូ​ឲ្យ​បាន​ល្អ​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​មិន​បាន បើ​សេដ្ឋកិច្ច​ចម្រើន​ជឿនលឿន មាន​ចំណូល​ពី​គ្រប់​វិស័យ​ច្រើន​សន្ធឹកសន្ធាប់​ម្ល៉ឹងៗ​នោះ?

កង្វះ​ថវិកា​ជាតិ​ខ្លួនឯង​គ្រប់គ្រាន់​រាល់​ពេល​ដើម្បី​ស្ថាបនា ឬ​ជួសជុល​អ្វី​ទេ​នោះ មាន​តែ​មូលហេតុ​ធំៗ​ពីរ​ប៉ុណ្ណោះ៖ យក​ចំណូល​រក​បាន​ទៅ​សងគុណ​សង​បំណុល​ជំពាក់​គេ​វ័ណ្ឌក ឬ​មួយ​យក​ចំណូល​រក​បាន​ទៅ​ចែក​គ្នា​របៀប​ពុករលួយ​ជា​ប្រព័ន្ធ​ប្រទាក់​ក្រឡា​ដូច​គេ​ថា​មែន

សូម​រង់ចាំ​អាន និង​ស្តាប់​ភាគ​ទី​២ នៅ​ពេល​ក្រោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស