33.4 C
Phnom Penh

អាជ្ញាធរ​ខេត្ត​ក្រចេះ៖ ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​ថា ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ផ្លូវ​គមនាគមន៍ ដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​រវាង​ខេត្ត​ក្រចេះ ជាមួយ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ និង​កម្ពុជា-វៀតណាម។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​រិះគន់​ថា ស្ពាន​នោះ​ជា​មធ្យោបាយ​បង្ហូរ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ។

អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​មិត្តភាព​ក្រចេះ-ប៊ិញយឿង ឬ​ស្ពាន​អណ្ដែងដូន ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម លោក ង្វៀន វ៉ាន់យ៉ាញ់ ថា​ស្ពាន​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-វៀតណាម កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ។

ស្ពាន​នេះ​មាន​ប្រវែង​ជិត ៤០​ម៉ែត្រ ស្ថិតនៅ​លើ​ផ្លូវ​ខេត្ត​លេខ​៣៧៧ នៃ​ខេត្ត​ក្រចេះ។

លោក វ៉ា ថន អះអាង​ថា ទំនាក់ទំនង​ខាង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្ត​ក្រចេះ​ជាមួយ​ភាគី​វៀតណាម តែង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន និង​ដល់​អាជីវករ ពាណិជ្ជករ ដែល​ត្រូវ​ឆ្លងកាត់​ក្នុង​ការ​ទិញ លក់​ទំនិញ ការ​សួរ​សុខទុក្ខ​ញាតិមិត្ត និង​ការ​ចេញ​ចូល​ដើម្បី​ព្យាបាល​ជំងឺ ជាដើម។

អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​លើ​កិច្ច​សហប្រតិបត្តិការ ស្ថិតស្ថេរ​យូរ​អង្វែង មិត្តភាព​ជិតស្និទ្ធ​រវាង​ខេត្ត​ប៊ិញយឿង នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​ខេត្ត​ក្រចេះ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ការ​សហប្រតិបត្តិការ​ជួយ​ឧបត្ថម្ភគ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​ស្ថិតនៅ​ព្រំប្រទល់​រវាង​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​គមនាគមន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ខេត្ត​ក្រចេះ គឺជា​ខេត្ត​មួយ​ស្ថិត​ក្នុង​ចំណោម​ខេត្ត​បី​ផ្សេង​ទៀត គឺ​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (Development Triangle Area) ឬ​តំបន់​កន្ទុយ​នាគ​ដែល​បាន​ព្រមព្រៀង​គ្នា​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​តភ្ជាប់​បណ្ដាញ​គមនាគមន៍​រវាង​ប្រទេស និង​ប្រទេស​ជា​រឿង​ល្អ​សម្រាប់​ការ​ទំនាក់ទំនង​គ្នា​ដោយ​ស្មើ​មុខ ប៉ុន្តែ​ទំនាក់​តាម​បែប​ឈ្លានពាន​របស់​វៀតណាម មក​លើ​កម្ពុជា​សព្វថ្ងៃ​នេះ គ្រាន់តែ​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​វៀតណាម​ក្នុង​ការ​នាំចេញ​ទំនិញ ហើយ​ជាពិសេស​បង្ហូរ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទៅ​កម្ពុជា​ក្នុង​ខេត្ត​ទាំង​៤ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​តែប៉ុណ្ណោះ។

លោក​បន្ថែម​ទៀត​ថា ជាង​នេះ​ទៀត តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​វៀតណាម​ប្រើប្រាស់​សាកល្បង​ជា​តំបន់​ឥណ្ឌូចិន​ទី​២ ក្នុង​ការ​គ្រប់គ្រង​កម្ពុជា​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​នយោបាយ ជាដើម។ ហើយ​ប្រសិនបើ​វៀតណាម​អនុវត្ត​ផែនការ​នេះ​ជោគជ័យ វៀតណាម​នឹង​ពង្រីក​ផែនការ​នេះ​ទូទាំង​ប្រទេស​កម្ពុជា​តែម្តង។

លោក ម៉ែន ណាត ព្រមាន​ថា កម្ពុជា​ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាដាច់ខាត ព្រោះ​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម​ក្នុង​ការ​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​កម្ពុជា​ប៉ុណ្ណោះ។ ដូច្នេះ​កម្ពុជា​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។

លោក​បន្ត​ថា ខេត្ត​ខ្មែរ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​នេះ ពុំ​មាន​ការ​រីកចម្រើន​ទេ ប៉ុន្តែ​ព្រៃឈើ​ប្រណិត​របស់​ខ្មែរ​នៅ​ខេត្ត​ទាំងនោះ​មាន​តែ​ហិនហោច​ទៅៗ ដូចជា​ធនធាន​រ៉ែ និង​ព្រៃឈើ​ដែល​មាន​តម្លៃ​មហាសាល​របស់​ខ្មែរ នឹង​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​ជនជាតិ​វៀតណាម​អាច​ចូល​ទៅ​រស់នៅ​រហូត​មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ពេញលេញ បន្ទាប់ពី​ពួកគេ​បាន​រស់នៅ​អស់​ជាច្រើន​ជំនាន់​នៅ​ទីនោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រសិនបើ​ប្រទេស​វៀតណាម​គ្រាន់តែ​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ត្រឹមតែ ១​លាន​នាក់​ចូល​មក​ធ្វើការ និង​រកស៊ី​ក្នុង​ខេត្ត​ទាំង​៤ របស់​កម្ពុជា ដែល​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ត្រឹមតែ ៥០​ម៉ឺន​នាក់​នោះ ក៏​ជនជាតិ​វៀតណាម​ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​ពាក់កណ្ដាល​ទៅ​ហើយ។ ដូច្នេះ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ខណៈ​បរទេស​ឈ្លានពាន​មួយ​នេះ​នៅតែ​ចិញ្ចឹម​មហិច្ឆតា​រំលោភ​កាន់កាប់​កម្ពុជា​ជាប់​មិន​ដាច់​រហូត​ដល់​ពេលនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស