34 C
Phnom Penh

ភាគ​១៧៖ ការ​វាតទី​ឥទ្ធិពល​នៃ​បក្ស​ប្រជាជន​កម្ពុជា​និង​អង្គការ​ចាត់តាំង​យុវជន​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​ចម្ងល់​ពី​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​បរទេស ថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​អ្វី​ក្នុង​ការ​បង្កើន​ការ​កសាង​ពង្រឹង​បក្ស​នៅ​បរទេស។ ក្នុង​ភាគ​ទី​១៧ នេះ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​បន្ត​អំពី​ការ​រៀបចំ​ចាត់តាំង​សាខា​បណ្ដាញ​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ និង​ប្រតិកម្ម​ពី​ក្រសួង​យុត្តិធម៌។

បេសកកម្ម​ពង្រឹង និង​ពង្រីក​សាខា​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ឯ​ក្រៅ​ប្រទេស​យ៉ាង​សកម្ម មាន​កន្លែង​ខ្លះ​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងាត់ៗ មាន​កន្លែង​ខ្លះ​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​ចំហ នៅតែ​បង្ក​ឲ្យ​មាន​ចម្ងល់ មាន​មន្ទិល​ចំពោះ​ទិសដៅ គោលបំណង និង​គោលដៅ​នៃ​បេសកកម្ម​នេះ ក្នុង​គំនិត​របស់​បណ្តា​សមាជិក​សហគមន៍​ខ្មែរ​នៅ​បរទេស។

ម្យ៉ាង​ទៀត អ្នក​ទទួល​ខុសត្រូវ​ថ្នាក់លើ គឺ​សុទ្ធសឹងតែ​ជា​នាហ្មឺន មន្ត្រី នាយ​ទាហាន នាយ​ប៉ូលិស​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ខាង​បក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​នយោបាយ​ផ្ដាច់ការ​ផ្ដាច់មុខ ជា​អតីត​បក្ស​កុម្មុយនីស្ត​ហាណូយ​និយម បែក​ខ្នែង​មែកធាង​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ឈ្មោះ​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា

តាម​ឯកសារ​ពី​អ្នកនិពន្ធ​បស្ចិម​ប្រទេស បំណង​បង្កើត​ពង្រីក​ឥទ្ធិពល​កុម្មុយនីស្ត​នៅ​អាស៊ី​អាគ្នេយ៍​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៣០ ក្រោម​កិច្ច​ផ្ដួចផ្ដើម​គំនិត​ពី​ប្រធាន ហូ ជីមិញ ដោយ​លាតសន្ធឹង​ពី​ប្រទេស​យៀកណាម កម្ពុជា លាវ ថៃឡង់ដ៍ ភូមា និង​ម៉ាឡេស៊ី។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ឈ្មោះ​ដើម បក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ ចាប់កំណើត​ក្នុង​សមាជ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​១៩៥១ ក្រោម​ការ​សម្រេច​ចិត្ត​ពី​មេដឹកនាំ​យៀកណាម ឡេ ឌឹកថ។ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៥១ បក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ បង្កើត​គណៈកម្មាធិការ​រៀបចំ និង​ឃោសនា ព្រមទាំង​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស​បណ្ដោះអាសន្ន។ ប្រធាន​បក្ស​កុម្មុយនីស្ត​កម្ពុជា គ្រា​នោះ​ឈ្មោះ សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន។ ប្រមាណ​ពីរ​ខែ​មុន នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់​ប្រសិទ្ធិនាម​ក្រុម​ចលនា​ខ្មែរ​ឥស្សរៈ​ដឹកនាំ​ដោយ សឺង ង៉ុកមិញ ថា​ជា​ក្រុម​ខ្មែរ​យៀកមិញ។

គេ​មិន​ដឹង​ច្បាស់​ថា ហេតុ​អ្វី​បក្ស​ប្រជាជន​កម្ពុជា យក​ថ្ងៃ​កំណើត​បក្ស​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ នោះ​ឡើយ។

រីឯ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៦០ ជា​ថ្ងៃ​សមាជ​បក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ​លើក​ទី​២ ដែល​មាន ទូ សាមុត ជា​មេ នួន ជា ជា​មេ​រង សាឡុត ស ជា​មនុស្ស​ទី​៣ ហើយ​បាន​ដូរ​ឈ្មោះ​បក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ ជា​បក្ស​ពលករ​កម្ពុជា។

ក្រុម ប៉ុល ពត យក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៦០ ជា​ថ្ងៃ​កំណើត​បក្ស។ ក្រុម សាឡុត ស ឬ ប៉ុល ពត ចង់​បំបាត់​ឥទ្ធិពល​យៀកណាម​លើ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ យើង​សង្កេត​ឃើញ​ថា មកទល់​ពេលនេះ បក្ស​នយោបាយ​មាន​ឫសគល់​ពី​បក្ស​កុម្មុយនីស្ត​យៀកណាម នៅតែ​បន្ត​ប្រពៃណី​វាតទី​វាត​ឥទ្ធិពល​ទៅ​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ​ដដែល ប៉ុន្តែ​ធ្វើឡើង​តាម​រូបភាព ទ្រង់ទ្រាយ​បែប​ផែន​ផ្សេងៗ​គ្នា។

ក្រៅតែ​ពី​បង្កើត​សាខា បណ្ដាញ ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​តាម​សហគមន៍​ខ្មែរ​នៅ​ប្រទេស​លោកសេរី ខាង​បស្ចិម​ទិស និង​ប្រទេស​រីកចម្រើន​នៅ​អាស៊ី​ដែល​មាន​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ធ្វើការ​ទីនោះ ក្នុង​ភាគ​ទី​១៧ នេះ យើង​សូម​រាយការណ៍​ជូន​ជ្រាប​អំពី​ការ​បង្កើន​ឥទ្ធិពល​បក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ ជា​បន្ត​ទៅទៀត ហើយ​ពិចារណា​ទាំងអស់​គ្នា​ថា តើ​ជា​គោលការណ៍​នយោបាយ​ដើម្បី​ចង់​បាន​អ្វី។

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ លោក អ៊ូក សោភ័ណ ចុះ​សួរ​សុខទុក្ខ​សមាជិក​សមាជិកា​នៃ​សាខា​បក្ស​ប្រចាំ​សាខា​ខេត្ត​ឈុនបូរី និង​ច័ន្ទបូរី ប្រមាណ​ជាង ៣០០​នាក់ ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ និង​ត្រៀម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២០។ (រូបថត​ពី​ហ្វេសប៊ុក)

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​រ៉ាក់យ៉ង មាន​សមាសភាព និង​ឈ្មោះ ៤០​នាក់៖

  • ប្រធាន ឈ្មោះ សួង សង្វាវុទ្ធី;
  • អនុប្រធាន ឈ្មោះ គឿន ភិរម្យ;
  • អនុប្រធាន ឈ្មោះ អ៊ូ រតនា

សមាជិក​បុរស​ឈ្មោះ៖

  • កែវ ហុកលី;
  • លឹម ហាវទី;
  • តាំង កក់;
  • ផន សុភ័ក្រ;
  • ភួង វ៉ាន់ដា;
  • ជាវ សុខថេង;
  • យូ ងួនហេង;
  • អ៊ុក វិមល;
  • ហេង រស្មី;
  • ឃឹម សំភារ;
  • មឹង វិរិយា;
  • ហេង នីវិរិយ៉ា;
  • ទុំប៉ែន វីរៈវិទូ;
  • លី គឹមស្រេង;
  • លី ប៊ុនហេង;
  • គង់ ច័ន្ទទី;
  • ចាន់ វុទ្ធី;
  • ជា ឧត្តម;
  • រស់ និច;
  • ហែម ពៅ;
  • មាន ច័ន្ទប៉ាទី;
  • ហែម ប៊ុនថូ;
  • គឹម សុវិសិទ្ធ;
  • ស៊ុំ វណ្ណា;
  • កេត សុវណ្ណឌី;
  • វិចិត្រ ធារ៉ា;
  • ប៉ិច សុធា;
  • រ៉ុម វុត្ថា;
  • ជិន ជ័យារិទ្ធ;
  • ឯល រ៉ូហ្សា;
  • សោម ដឺលុច្ស;
  • ទេព ជីវសុខុម;
  • ជួប សុមានិត។

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ស្រ៊ុន ដាណែត;
  • រឿន សុរ៉ានី;
  • ចំរើន សុជាតា;
  • ពៅ សុខា។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​ប៉ាធុមថានី មាន​សមាសភាព និង​ឈ្មោះ ២៥​នាក់៖

  • ប្រធាន ស្ត្រី​ឈ្មោះ សួស រដ្ឋាវី;
  • អនុប្រធាន បុរស​ឈ្មោះ ទៀវ ទិត្យាកោមល;
  • អនុប្រធាន បុរស​ឈ្មោះ ជ្រុន ថេរ៉ាវង្ស។

សមាជិក​បុរស​ឈ្មោះ៖

  • ឯម សុភ័ណ្ឌរិទ្ធ;
  • តាំង សុភ័ក្រ;
  • ជា ស៊ាងហុង;
  • ស៊ុម ផារ៉ែន;
  • កែ ឧត្តម;
  • ហេង ប៊ុនថា;
  • ឃុត អ៊ូច;
  • ពេជ្រ បញ្ញា;
  • វ៉ាន់ រតនា;
  • ហ៊ូ ចាន់ណារ៉ា;
  • ថេង ហុង;
  • ជី វណ្ណរិទ្ធ;
  • ទេព សុជាតា;
  • ឈឹម សំបុត្រ;
  • សុខ សាវ៉ាត;
  • ព្រុំ វាសនា;
  • ចែម រម្យនា;
  • ម៉ូវ ម៉េង;

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ប៉ុក ករុណា;
  • ផាន់ សុនីតា;
  • ឡេង ខេមរវត្តី;
  • ចែម រម្យនា;
  • ប៊ូ យុទ្ធី។

សមាសភាព និង​ឈ្មោះ​នៃ​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ តាម​តំបន់​ខេត្ត​ផ្សេងៗ​ទៀត នឹង​ជូន​ជ្រាប​បន្ត​ទៅទៀត​ពេល​ក្រោយ។ ក្នុង​ភាគ​ទី​១៧ នេះ យើង​ខ្ញុំ​សូម​ស្រង់​ពាក្យពេចន៍​សរសេរ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​មន្ត្រី​គ្រប់គ្រង​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ក្រៅ​ប្រទេស ដែល​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​រាយការណ៍​ភាគ​ទី​១៥ របស់​យើង​ទាក់ទង​នឹង​សកម្មភាព​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ និង​ដើម​ខែ​មករា ឆ្នាំ​២០២២។

នេះ​ជា​ខ្លឹមសារ​ដើម​នៃ​ប្រតិកម្ម​ពី​បណ្ឌិត គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២៖

«ជូន​ក្រុម​វិភាគ​បែក​ស្លុយ CAMBODIA DAILY!

ខ្ញុំ​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់!

ឯកឧត្តម ម៉ឹង ពន្លក ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​នៅ​សហរដ្ឋ​អាមេរិក! របៀប​របប​ធ្វើការ​របស់​រចនាសម្ព័ន្ធ CPP (ឬ​បក្ស​ប្រជាជន​កម្ពុជា) បាន​កំណត់​ច្បាស់លាស់! ការ​វិភាគ​បែប​ញុះញង់ ជា​ចរិត​របស់​លោក​ឯង!

ល្មម​លះបង់​មារយាទ​នេះ​ហើយ​លោក!»

យើង​បាន​ធ្វើ​សេចក្តី​រាយការណ៍​ដែល​មាន​ខ្លឹមសារ​ដើម​ដោយ​សង្ខេប​ដូច​តទៅ​នេះ៖

«ថ្ងៃ​ទី​២៦ ខែ​ធ្នូ គេ​ឃើញ គឹម សន្តិភាព និង​ភរិយា ជាម ចន្ទសុផារ៉ា នៅ​ម្តុំ​ភោជនីយដ្ឋាន Boiling Point ក្រុង Irvine រដ្ឋ​កាលីហ្វ័នីញ៉ា។ ថ្ងៃ​ទី​២៩ ខែ​ធ្នូ គេ​ឃើញ គឹម សន្តិភាព និង​ភរិយា​ជិះ​ក្នុង​រថយន្ត​តាម​ផ្លូវ​ពី​ក្រុង Los Angeles ទៅ​ក្រុង San Francisco ម្តុំ Buttonwillow។ ថ្ងៃ​ទី​៣០ ខែ​ធ្នូ គេ​ឃើញ​គូ​ស្វាមី​ភរិយា​នៅ​ម្តុំ​ចម្ការ​ធ្វើ​ស្រា​ទំពាំងបាយជូរ Cade Estate Winery Angwin កាលីហ្វ័នីញ៉ា។ ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ គឹម សន្តិភាព បង្ហោះ​រូបភាព​ផ្ញើ​សារ​ជូនពរ​ពី​ក្រុង Los Angeles និង​ជួបជុំ​ជាមួយ​ខ្មែរ​ដទៃ​ទៀត​នៃ​ក្រុម​ការងារ​យុវជន​បក្ស​នៅ​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​ជាច្រើន​លើក។

មាន​សំណួរ​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា ហេតុ​អ្វី​បាន​ជា​បាត់​មុខ ម៉ឹង ពន្លក ដែល​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ហើយ​លេច​មុខ គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់ មក​ជំនួស​វិញ? គឹម សន្តិភាព ធ្លាប់តែ​ដឹកនាំ​គណៈប្រតិភូ​មាន​សមាជិក​ពី ១៥២០​នាក់​ធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​រៀងរាល់​ឆ្នាំ ក្នុង​ខែ​មករា ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​ជ័យជម្នះ ៧​មករា។

អ្នក​ខ្លះ​និយាយ​ថា គឹម សន្តិភាព ទើប​នឹង​ឡើង​ឋានៈ​ក្នុង​ជួរ​បក្ស​នៅ​ក្បែរ ហ៊ុន ម៉ាណែត ដូច្នេះ​អាច​ឡើង​កាន់​កិច្ចការ​ពី​លើ ម៉ឹង ពន្លក។ អ្នក​ខ្លះ​ទៀត​ថា គឹម សន្តិភាព អាច​ទៅ​ត្រួសត្រាយ​ផ្លូវ​ក្នុង​សហគមន៍​ខ្មែរអាមេរិកាំង រៀបចំ កំណត់ ដាក់​ទិស​ដល់​សមាជិក​ក្រុម​ការងារ​យុវជន​បក្ស ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ដែល​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​នាម​ប្រធាន​អាស៊ាន​ដូរ​វេន​នា​ឱកាស​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ក្នុង​ខែ​កុម្ភៈ ខាងមុខ​នេះ។

ការ​បកស្រាយ​ខាងក្រោយ​នេះ ហាក់ដូចជា​សម​ហេតុផល​ជាង​ការ​បកស្រាយ​ពីរ​យ៉ាង​មុន​នេះ ព្រោះ​ថា គឹម សន្តិភាព ធ្លាប់​មាន​ស្នាដៃ​រៀបចំ​ចាត់ចែង​សម្រាប់​ទស្សនកិច្ច​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០១៨»

យើង​ដូចជា​មិន​បាន​ប្រើ​ភាសា​ញុះញង់​ចង់​បំបែកបំបាក់​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ទំនុក​ចិត្ត​រវាង​លោក ម៉ឹង ពន្លក និង​លោក គឹម សន្តិភាព ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​អ្វី​នោះ​ទេ។ បើ​ព័ត៌មាន​នោះ​មិន​ពិត លោក​អាច​ប្រាប់​ថា​មិន​ពិត យើង​នឹង​កែតម្រូវ​ភ្លាម! នេះ​ជា​របៀប​របប​ការ​ផ្សាយ​ព័ត៌មាន​នៅ​ប្រទេស​លោកសេរី គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​គោរព​ច្បាប់។

តើ​ប្រតិកម្ម​ដូច្នោះ​ពី​លោក គឹម សន្តិភាព ផុស​ចេញពី​ការ​ព្រួយបារម្ភ​ក្រែង​លោក ម៉ឹង ពន្លក មន្ទិល​សង្ស័យ​លើ​លោក? បើ​លោក​សរសេរ​ថា លោក​នាំ​គ្រួសារ​ដើរលេង ឬ​ចង់​បណ្ដាក់ទុន​នៅ​សហរដ្ឋ​អាមេរិក​ដូចជា​ទំនង​ជាង។ យើង​និយាយ​ការពិត ហើយ​ក៏​គ្មាន​ចរិត​ញុះញង់ ឥត​លួច​បន្លំ ភ្ជួរ​ស្រែ​លើ​ខ្នង​រាស្រ្ត ឥត​ប្លន់​យក​របស់​គេ​ធ្វើជា​របស់​ខ្លួន​នោះ​ដែរ។ ដូច្នេះ យើង​ឥត​លះបង់​មារយាទ​ល្អ​បែប​ហ្នឹង​ទេ។ ម្យ៉ាង​ទៀត យើង​ខ្ញុំ​មិន​រស់​ក្នុង​ពិភព paranoia ឬ schizophrenia ភ័យខ្លាច​ស្រមោល​ខ្លួនឯង ចេះ​តែ​ស្រមៃ​ជានិច្ច​ថា មាន​គេ​រួម​គំនិត​ក្បត់​ប៉ុនប៉ង​ផ្តួល​បំផ្លាញ​ខ្លួន ឬ​ក៏​មើល​មិន​ឃើញ​ថា​អ្វី​ពិត​មិន​ពិត មិន​ដឹង​អ្វី​ត្រូវ​អ្វី​ខុស​នោះ​ដែរ។

ភាគ​បន្ត សូម​ជូន​សប្តាហ៍​ក្រោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស