27 C
Phnom Penh

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ​ពី​អង្គការ Frontline Defenders

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​អន្តរជាតិ Frontline Defenders ឬ​អង្គការ​អ្នក​ការពារ​ឈាន​មុខ បាន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​នៅ​កម្ពុជា នូវ​ពានរង្វាន់​ដែល​មាន​ឈ្មោះ​ថា Frontline Defenders Award ឬ​អ្នក​ការពារ​ជួរ​មុខ​សម្រាប់​ឆ្នាំ​២០២១ កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដែល​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Dubline ប្រទេស​អៀរឡង់។

អង្គការ​អន្តរជាតិ Frontline Defenders បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Dubline កាលពី​ថ្ងៃ​ពុធ ទី​២៤ វិច្ឆិកា ថា អង្គការ​មាតា​ធម្មជាតិ គឺជា​ចលនា​ការពារ​បរិស្ថាន​នៅ​កម្ពុជា ដែល​តស៊ូ​មតិ និង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ សម្រាប់​ការ​អភិរក្ស ផ្សព្វផ្សាយ និង​ការពារ​បរិស្ថាន​ធម្មជាតិ​ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​បាន​អះអាង​ថា អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​បាន​ផ្តល់​ឱកាស​សម្រាប់​អ្នក​ការពារ​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ជាដើម ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់ដឹង អប់រំ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ជំនួយ​ផ្សេងៗ​ដល់​ពួកគេ ក្នុង​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ​ខ្មែរ​ឱ្យ​បាន​គង់វង្ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

អង្គការ​អន្តរជាតិ Frontline Defenders ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Dubline ប្រទេស​អៀរឡង់ កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​ប្រកាស​ផ្តល់​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ​ឆ្នាំ​២០២១ ឬ Frontline Defenders 2021 ដល់​អង្គការ​សមាគម​ចំនួន ៦ ដែល​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដូចជា​ប្រទេស​ប្រេស៊ីល និង​ប្រទេស​ព័រទុយហ្គាល់ ជាដើម ក្នុង​នោះ​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​របស់​កម្ពុជា ក៏​ទទួល​បាន​ពានរង្វាន់​ជួរ​មុខ​នៃ​ការ​តស៊ូ​ដើម្បី​យុត្តិធម៌ ពូជសាសន៍ និង​បរិស្ថាន​នេះ​ដែរ។

អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ប៉ុន្តែ​អង្គការ​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុប​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ។

យ៉ាងណាក៏ដោយ សកម្មជន និង​ស្ថាបនិក​របស់​អង្គការ​នេះ​តែងតែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ឥត​ឈប់ឈរ។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ដែល​អាជ្ញាធរ​កំពុង​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ​រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក លី ច័ន្ទតារាវុធ និង​លោក សេត ឈីវលីម៉េង។ ដោយឡែក​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ទើប​នឹង​ចេញពី​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​ស្ថាបនិក​អង្គការ​នេះ គឺ​លោក Alexandro Gonzalez Davidson ជនជាតិ​អេស្ប៉ាញ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន បណ្តេញ​ចេញ និង​ហាម​មិន​ឱ្យ​ចូល​កម្ពុជា​វិញ​ជាដាច់ខាត កាល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លងទៅ។

អ្នក​រាយការណ៍​ពិសេស​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​បន្ទាប់ពី​ការ​ប្រកាស​ផ្តល់​ពានរង្វាន់​របស់​អង្គការ Frontline Defender ថា លោក​សូម​អបអរ​សាទរ​ដល់​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល​នៃ​ការងារ​របស់​ពួកគេ។ ជាង​នេះ​ទៀត លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ​ទាំងអស់ និង​សកម្មជន​ដទៃ​ទៀត ដើម្បី​ផ្តល់​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​ជូន​ពួកគេ​វិញ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​ថា លោក​សូម​អបអរ​សាទរ​សកម្មជន​បរិស្ថាន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ​ឆ្នាំ​២០២១ នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា កិច្ចការពារ​បរិស្ថាន​របស់​ពួកគាត់​មិន​ត្រូវ​បាន​ធ្វើ​ព្រងើយកន្តើយ​ពី​សហគមន៍​អន្តរជាតិ​នោះ​ទេ ដែល​ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​តែង​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងនោះ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ស្ដារ​មុខមាត់​របស់​កម្ពុជា ស្រប​ពេល​ដែល​ខ្លួន​នឹង​ធ្វើជា​គំរូ​ដឹកនាំ​អាស៊ាន​ឆ្នាំ​២០២២ ខាងមុខ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស