25 C
Phnom Penh

ការ​បោះពុម្ព​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ដែល​មាន​រូប​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់

បទវិភាគ

រដ្ឋាភិបាល​សម្រេច​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដាក់​ឱ្យ​ដំណើរការ​ប្រភេទ​ក្រដាស​ប្រាក់​រៀល ៣​ម៉ឺន​រៀល​គំរូ​ថ្មី​នៅ​លើ​ទីផ្សារ ខណៈ​ក្រុម​ប្រឆាំង​បាន​ហៅ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន ដោយ​លើក​ពី​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​នៅ​ពេលនេះ​ថា ជា​លេស​ដើម្បី​បាន​រូប​របស់​លោក​ដាក់​នៅ​លើ​ក្រដាស​ប្រាក់​រៀល​នោះ​តែប៉ុណ្ណោះ។

លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​នេះ គឺជា​ការ​ចូលរួម​អបអរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​ចូល​មាតុប្រទេស​វិញ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ផង។

នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម Facebook ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ជា​គោលការណ៍​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​តម្លៃ ៣​ម៉ឺន​រៀល​នៅ​ទូទាំង​ប្រទេស​បន្ថែម​ទៀត​ទៅលើ​ក្រដាស​ប្រាក់​រៀល​ដែល​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា៖ «រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​លេខ​២០០ អ..ក្រ.បក អនុញ្ញាត​ដាក់​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំង​ប្រទេស​ក្រដាស​ប្រាក់​ប្រភេទ ៣​ម៉ឺន​រៀល​គំរូ​ថ្មី អបអរ​ខួប ៣០​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​មាតុភូមិ​និវត្តន៍​របស់​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ»

នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​អាណត្តិ​ដែល​កាន់កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋាភិបាល​ឯក​បក្ស​ដែល​មាន​​​រូប​នាយករដ្ឋមន្ត្រី​ភ្ជាប់​ជាមួយ​នឹង​ព្រះមហាក្សត្រ។ បើ​ទោះ​ជា​បែប​ណា អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដូច​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​អាច​ធ្វើ​អ្វីៗ​បាន​គ្រប់​យ៉ាង​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​លែង​មាន​សំឡេង​ជំទាស់​នៅ​ក្នុង​រដ្ឋសភា​ជាតិ​ដូច​នៅ​មុន​ឆ្នាំ​២០១៧ ទៀត​ហើយ។

ចំណែក​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា បាន​រិះគន់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ ដោយ​ហៅ​ការ​ប្រើ​រូបថត​មួយ​សន្លឹក​របស់​លោក ហ៊ុន សែន ភ្ជាប់​នៅ​លើ​ក្រដាស​ប្រាក់​រៀល​ថា លោក ហ៊ុន សែន គ្មាន​បំណង​លើក​ស្ទួយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អ្វី​នោះ​ទេ។

លោក គង់ សភា បន្ត​ថា តាមពិត កិច្ចព្រមព្រៀង​នេះ លោក ហ៊ុន សែន ប៉ុនប៉ង​បំបាត់​ចោល​ជាច្រើន​លើក​ច្រើនសា​ណាស់​មក​ហើយ តែ​ដោយសារ​គណបក្ស​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ​តវ៉ា​ជា​ហូរហែ​កន្លងមក ទើប​នៅ​មាន​ស្មារតី​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​មក​ដល់​សព្វថ្ងៃ។ ចំណែកឯ​ការ​ព្យាយាម​លើក​បន្តុប ឬ​ការ​ដឹងគុណ​ថ្ងៃ​កំណើត​នៃ​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​មួយ​នេះ គ្មាន​អ្វី​ក្រៅពី​ចង់​ប្រើ​រូប​របស់​ខ្លួន​នៅ​លើ​ក្រដាស​ប្រាក់​រៀល និង​លើក​តម្កើង​ឥទ្ធិពល​អំណាច​របស់​ខ្លួន​ឱ្យ​ស្មើ​ព្រះមហាក្សត្រ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា៖ «សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ត្រូវ​លោក ហ៊ុន សែន ព្យាយាម​លុបចោល​ម្ដង​ជា​ពីរ​ដង​យូរ​មក​ហើយ តែ​ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​អ្នក​តាមដាន​បណ្ដាញ​សង្គម Facebook ប្រឆាំង​តវ៉ា​មិន​ព្រម តែ​ទីបំផុត លោក ហ៊ុន សែន បាន​លុប​កិច្ចព្រមព្រៀង​នេះ​ចេញពី​បុណ្យ​ជាតិ​បាន​សម្រេច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ ប៉ុន្តែ​ដោយសារតែ​ចង់​ដាក់​រូប​ខ្លួនឯង​លើ​ក្រដាស​ប្រាក់​ជាតិ ក៏​ធ្វើ​ជា​មក​លើក​តម្កើង​កិច្ចព្រមព្រៀង​នេះ​វិញ»

ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ដែរ​ថា តាម​ការ​កត់សម្គាល់​របស់​ក្រុម​បញ្ញវន្ត និង​ក្រុម​បណ្ដាញ​សង្គម​ទៅលើ​ក្រដាស​ប្រាក់​ថ្មី​នេះ ថា​ជា​ការ​បង្ហាញ​ពី​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ រហូត​ដល់​ពិបាក​ទប់​ស្ថានការណ៍​វិបត្តិ​ដូច​សព្វថ្ងៃ ទោះបី​មាន​ប្រទេស​ចិន​ជា​មិត្ត​ដែកថែប​យ៉ាងណាក៏ដោយ ក៏​មិន​អាច​ជួយ​បាន គឺ​មាន​តែ​ខំ​ឲ្យ​ខ្មែរ​វ័ណ្ឌក​ប៉ុណ្ណោះ។

លោក​បន្ត​ថា ការ​បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី ៣​ម៉ឺន​រៀល​នេះ ក៏​អាច​ជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​នឹកនា​ខ្លះៗ​ដែរ​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាពិសេស​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នេះ ដោយសារតែ​មាន​ការ​ដាក់​រូប​នៃ​និមិត្តសញ្ញា​ទីក្រុង​ប៉ារីស និង​រូប​កាន់​ដៃ​ជាមួយ​អតីត​ព្រះមហាក្សត្រ។

លោក ម៉ែន ណាត អះអាង​ថា ការ​ដាក់​រូប​នៅ​ក្នុង​ក្រដាស​ប្រាក់​នេះ​ក៏​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​សម្លឹង​មើល​កៅអី​ព្រះរាជា ឬ​ចង់​មាន​តួនាទី​ប្រកៀក​នឹង​ព្រះរាជា បន្ទាប់ពី​រៀប​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​កូន​គាត់​រួចរាល់​ហើយ​នោះ។

ទោះ​យ៉ាងណា គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ការ​កាន់កាប់​អំណាច​ជាង ៣០​ឆ្នាំ​មក​នេះ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​គំរូ​ក្រដាស​ប្រាក់​រៀល​មួយ​ចំនួន​ត្រូវ​បាន​បោះពុម្ព ឬ​ផលិត​ជា​បន្តបន្ទាប់។ ក្រដាស​ប្រាក់​រៀល​ដែល​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើប្រាស់​ចុងក្រោយ ដែល​ឃើញ​ចរាចរ​នៅ​លើ​ទីផ្សារ គឺ​ចាប់ពី ១​ម៉ឺន​រៀល​រហូត​ដល់​ក្រដាស​ប្រាក់ ១០​ម៉ឺន​រៀល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស