24 C
Phnom Penh

PMD ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ជិតខាង

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះ​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ដើម្បី​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​កម្ពុជា ដូច្នេះ​កម្ពុជា​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កញ្ញា ថា ខេត្ត​ខ្មែរ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​នេះ​រួម​មាន ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ពុំ​មាន​ការ​រីកចម្រើន​ទេ ប៉ុន្តែ​ព្រៃឈើ​ប្រណិត​របស់​ខ្មែរ​នៅ​ខេត្ត​ទាំងនោះ​មាន​តែ​ហិនហោច​ទៅៗ​ប៉ុណ្ណោះ។

លោក​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ដែល​នឹង​ត្រូវ​បាត់បង់​មិន​ត្រឹមតែ​ធនធាន​រ៉ែ និង​ព្រៃឈើ​ដែល​មាន​តម្លៃ​មហាសាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដីធ្លី​របស់​ខ្មែរ​ក៏​នឹង​ត្រូវ​បាត់បង់​ផង​ដែរ​នៅ​ពេល​ដែល​ជនជាតិ​វៀតណាម អាច​ចូល​ទៅ​រស់នៅ​រហូត​មាន​សិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​ពេញលេញ បន្ទាប់ពី​ពួកគេ​បាន​រស់នៅ​អស់​ជាច្រើន​ជំនាន់​ទៅ​នោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ​ដែល​បាន​ដើរ​តួ​ជា​ឈ្មួញ​កាន់​គម្រោង​អភិវឌ្ឍន៍​ធំៗ​លើ​ទឹកដី​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​សម្បទាន​ដី​រាប់​ពាន់​ហិកតារ​ឱ្យ​ពួកគេ ខណៈ​ដី​របស់​វៀតណាម​ដែល​បាន​ដាក់​ជា​ចំណុះ​ក្នុង​តំបន់​ត្រីកោណ​នេះ មិន​ទាន់​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​មាន​សិទ្ធិ​គ្រប់គ្រង ឬ​សម្បទាន​ដី​ឱ្យ​ឈ្មួញ​ខ្មែរ​ណា​ម្នាក់​ដើម្បី​អភិវឌ្ឍ​លើ​ដី​របស់​ពួកគេ​ឡើយ។

ការ​បារម្ភ​របស់​លោក ម៉ែន ណាត កើតមាន​បន្ទាប់ពី​គណៈកម្មាធិការ​បរទេស​នៃ​សភា​កម្ពុជា ឡាវ និង​វៀតណាម បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​ក្នុង​សន្និសីទ​លើក​ទី​៨ ស្ដីពី​ការ​ជំរុញ​ភាព​ជា​ដៃគូ​សភា ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​ឆ្លើយតប​ចំពោះ​វិបត្តិ Covid-19 ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ឬ​ហៅ​ថា CLV កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ម្សិលមិញ​នេះ។

ប្រភព​ដដែល​អះអាង​ថា សន្និសីទ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​ភាព​ជា​ដៃគូ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​នៃ​សភា​ប្រទេស​ទាំង​បី ដើម្បី​ពន្លឿន​ការ​ស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19។

សេចក្តី​ប្រកាស​ខាងលើ​បញ្ជាក់​ថា អង្គ​សន្និសីទ​បាន​ស្នើ​ឱ្យ​ទាំង​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​ទំនាក់ទំនង​មិត្តភាព ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​សន្តិសុខ អស្ថិរភាព​តាម​ព្រំដែន​នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​គ្នា​ដែល​អាច​នឹង​កើតមាន​ជម្លោះ​ជាយថាហេតុ​នៅ​ថ្ងៃ​ណាមួយ។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឬ​ហៅ​ថា CLV បាន​ព្រមព្រៀង​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម។ ក្នុង​នោះ​មាន​ខេត្ត​ចំនួន​១៣ ដែល​ភាគី​នីមួយៗ​បាន​ដាក់​បញ្ចូល​ក្នុង​ង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ រួម​មាន៖

  • ខាង​ភាគី​កម្ពុជា បាន​ដាក់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី
  • រីឯ​ភាគី​ឡាវ បាន​ដាក់​ខេត្ត​៤ ដែរ​ដូចជា​ខេត្ត​ចំប៉ាសាក់ សាលវ៉ាន់ សេកុង និង​ខេត្ត​អាតាពើ
  • ចំណែក​ភាគី​វៀតណាម សម្រេច​ដាក់​ខេត្ត​៤ ដូច​គ្នា គឺ​ខេត្ត​យ៉ាឡាយ កនតុម ដាក់ឡាក់ និង​ខេត្ត​ប៊ិញភឿក។

ខេត្ត​ទាំង​៤ របស់​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥០​ម៉ឺន​នាក់ ខណៈ​ខេត្ត​ទាំង​៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ ៧០​ម៉ឺន​នាក់ រីឯ​ខេត្ត​ទាំង​៤ របស់​ប្រទេស​វៀតណាម មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៧​លាន​នាក់​ឯណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ប្រសិនបើ​ប្រទេស​វៀតណាម គ្រាន់តែ​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ត្រឹមតែ ១​លាន​នាក់​ចូល​មក​ធ្វើការ និង​រកស៊ី​ក្នុង​ខេត្ត​ទាំង​៤ របស់​កម្ពុជា ដែល​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ត្រឹមតែ ៥០​ម៉ឺន​នាក់​នោះ ក៏​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​ពាក់កណ្ដាល​ទៅ​ហើយ។ ដូច្នេះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ខណៈ​បរទេស​ជិតខាង​មួយ​នេះ​នៅតែ​ចិញ្ចឹម​មហិច្ឆតា​រំលោភ​កាន់កាប់​កម្ពុជា​ជាប់​មិន​ដាច់​មក​ទល់​នឹង​ពេលនេះ។

ទាក់ទិន​នឹង​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាបន្ទាន់ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​រឹងមាំ​ជា​មុន​សិន ចាំ​គិតគូរ​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួម​គ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ​បន្ថែម​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស