26 C
Phnom Penh

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​មេដាយ​សន្តិភាព​របស់​លោក ហ៊ុន សែន ជា​វិធី​នៃ​ការ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ ប្រតិកម្ម​ថា មេដាយ​សន្តិភាព​របស់​លោក ហ៊ុន សែន ដែល​ទើប​ទទួល​បាន​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​វិធី​នៃ​ការ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ ត្បិត​មេដាយ​នេះ​ហាក់​មិន​បង្ហាញ​ពី​ប្រទេស​សាមី​ដែល​ផ្តល់​ជូន​ច្បាស់លាស់​នោះ​ទេ ស្រប​ពេល​ប្រទេស​លោកសេរី​កំពុង​បង្កើន​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ថា មេដាយ​របស់​លោក ហ៊ុន សែន នេះ គឺជា​ការ​ផ្តល់​ឲ្យ​ពី​ក្រុម​មេដឹកនាំ​ប្រទេស​ដែល​លក្ខណៈ​ផ្ដាច់ការ​ដូច​គ្នា ឬ​ក្រុម​មេដឹកនាំ​ប្រទេស​ប្លុក​កុម្មុយនីស្ត​ដែល​ចូលចិត្ត​ទាក់ទាញ​មេដឹកនាំ​ផ្ដាច់ការ​ប៉ុណ្ណោះ។

លោក​អះអាង​ថា មេដឹកនាំ​ប្រទេស​លោកសេរី​ដែល​ស្រឡាញ់​លើក​តម្កើង​ប្រជាធិបតេយ្យ មិន​អាច​ផ្តល់​មេដាយ​សន្តិភាព​ដល់​មេដឹកនាំ​កម្ពុជា​កើត​ទេ ព្រោះថា​ការ​បិទ​សិទ្ធិ​សេរីភាព និង​ការ​ចាប់​សកម្មជន​នានា​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា​បច្ចុប្បន្ន មិន​ត្រឹមតែ​មិន​គួរ​ទទួល​បាន​មេដាយ​សន្តិភាព​នេះ​ទេ តែ​ផ្ទុយទៅវិញ គួរតែ​ទទួល​បាន​ការ​ដាក់​ទណ្ឌកម្ម​ទៅវិញ​ទើប​ជា​រឿង​ត្រឹមត្រូវ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ពិតជា​រឿង​គួរ​ឲ្យ​អស់សំណើច​ណាស់​ដែល​មេដាយ​សន្តិភាព​ត្រូវ​ប្រគល់​ទៅ​ឲ្យ​មេដឹកនាំ​ដែល​តែង​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស ខណៈ​សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ដែល​ធ្វើការ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​ជនល្មើស​ពី​សំណាក់​រដ្ឋាភិបាល​ដែល​កំពុង​រំលោភ​សិទ្ធិមនុស្ស​ទៅវិញ។

កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា លោក​គឺជា​ស្ថាបនិក​សន្តិភាព​យ៉ាង​ពិតប្រាកដ​នៅ​កម្ពុជា និង​ជា​មេដឹកនាំ​គំរូ​ដ៏​អស្ចារ្យ​មួយ​រូប​ក្នុង​ឧបទ្វីប​អាស៊ី។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺ​បន្ទាប់ពី​លោក​ទទួល​បាន​មេដាយ​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២១ (World Summit Peace) ពី​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម​លើក​ទី​៧ ក្រោម​ប្រធានបទ​ស្ដីពី «សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក» កាលពី​ថ្ងៃ​អាទិត្យ កន្លងទៅ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ផ្អែក​តាម​ទង្វើ​របស់​លោក ហ៊ុន សែន កន្លងមក មិន​គួរ​ទទួល​បាន​មេដាយ​សន្តិភាព​នេះ​ទេ ប៉ុន្តែ​លោក​ស័ក្ដិសម​នឹង​បាន​មេដាយ​ឯក​ខាង​ល្មោភ​អំណាច និង​ជា​អ្នក​យុទ្ធសាស្ត្រ​ប្លន់​អំណាច តាមរយៈ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​ប្រល័យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ជា​គំរូ​អសោចិ៍​នៅ​អាស៊ាន។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​បង្ហាញ​ទាំង​ទង្វើ និង​សម្ដី​យ៉ាង​ច្បាស់​ពី​លក្ខណៈ​របស់​មេដឹកនាំ​ផ្ដាច់ការ និង​ជា​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ព្រៃផ្សៃ ព្រោះថា​មេដឹកនាំ​ខ្មែរ​រូប​នេះ​ធ្លាប់​បាន​អះអាង​ពី​ភាព​សាហាវ​យង់ឃ្នង​របស់​លោក​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​ថា លោក​ស្ដាយ​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លោក គឹម សុខ បន្ថែម​ថា សម្ដី​របស់​មេដឹកនាំ​ខ្មែរ​ដែល​ប្រមាថ​ជីវិត​ជាតិសាសន៍​ខ្លួនឯង​បែប​នេះ ល្មម​គ្រប់គ្រាន់​វិនិច្ឆ័យ​បាន​ថា​ជា​មេដឹកនាំ​ដែល​គ្មាន​គុណធម៌​នៅ​ក្នុង​ចិត្ត ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​រង​ការ​ចាប់​ខ្លួន រង​ការ​បាញ់​សម្លាប់​ដោយ​ឃាតកម្ម​ផ្សេងៗ ដែល​គេ​សង្ស័យ​ថា​គឺជា​ឃាតកម្ម​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ និង​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​តែម្តង។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ក្រោម​ការ​ដឹកនាំ​កម្ពុជា​ជាង ៤០​ឆ្នាំ​មក​នេះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន មិន​បាន​ទាន់​អាច​រក​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ​បាន​នៅឡើយ​ទេ ខណៈ​សន្តិភាព​ដែល​បក្ស​កាន់​អំណាច​តែង​ប្រកាស «អរគុណ​សន្តិភាព» កន្លងមក គឺជា​សន្តិភាព​ក្រោម​ចុង​កាំភ្លើង​តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​គ្រប់គ្រង​អំណាច​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ លោក ហ៊ុន សែន បាន​រំលោភ​ច្បាប់​គ្រប់​វិធី​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដណ្តើម​សមាជិក​សភា និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ និង​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​ឆ្នាំ​១៩៩៧ ជាដើម។ ចំណែក​ឯ​ពេល​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន នៅតែ​បន្ត​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ជាហូរហែ​ដែល​រិះគន់​ការ​ដឹកនាំ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នៃ​រដ្ឋាភិបាល​របស់​លោក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ សមាជិក​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក Steve Chabot និង​លោក Alan Lowenthal ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី ដែល​មាន​ចំណងជើង​ថា «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា» ឬ​ហៅ​កាត់​ថា H.R. ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស