28 C
Phnom Penh

មន្ត្រី​និង​ពលរដ្ឋ​ស្នើ ACU ស៊ើប​អង្កេត​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​ភ្នំដិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

បទវិភាគ

មន្ត្រី​រាជការ និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បើក​ការ​ស៊ើបអង្កេត​ចំពោះ​សកម្មភាព​ការងារ​របស់​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ ទាក់ទិន​នឹង​បទល្មើស​នាំចូល​សារធាតុ​មេតាណុល ឬ​អាល់កុល​ក្លែងក្លាយ​ចំនួន ២១​តោន ដែល​អាជ្ញាធរ​ជំនាញ​ចាប់​បាន​កាលពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា ក.ប.ប. សាខា​ខេត្ត​តាកែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា កន្លងមក​នេះ បាន​ចុះ​ស្ទាក់​ចាប់​សារធាតុ​មេតាណុល (អាល់កុល​ក្លែងក្លាយ) ចំនួន ៧១៤​ប៊ីដុង​សរុប​ប្រមាណ ២១​តោន នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ។

មន្ត្រី ក.ប.ប. បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹង​ថា សារធាតុ​មេតាណុល​ទាំងនេះ គឺ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ធ្ងន់ធ្ងរ ហើយ​អាល់កុល​ក្លែងក្លាយ​ទាំងនេះ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ។

មន្ត្រី​រាជការ និង​ពលរដ្ឋ សំណូមពរ​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​សកម្មភាព​អនុវត្ត​ការងារ​របស់​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដិន នេះ​ផង ដើម្បី​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ឃុបឃិត ឬ​ធ្វើ​ជា​ខ្នង​បង្អែក​ឱ្យ​ក្រុម​ឈ្មួញ​ល្មើស​នាំចូល​អាល់កុល​ក្លែងក្លាយ​ជាង ២០​តោន​នេះ។

លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ

ប្រភព​លើកឡើង​ទៀត​ថា ក្នុង​ករណី​រក​ឃើញ​កំហុស​ឆ្គង គឺ​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ព្រោះ​បទល្មើស​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត​អ្នក​ប្រើប្រាស់​ដែល​កំពុងតែ​រងគ្រោះ​ក្នុង​វិបត្តិ​រាលដាល​មេរោគ Covid-19 ផង​នោះ។

ប្រភព​ពី​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​អង្គារ ទី​០៧ ខែ​កញ្ញា ដោយ​ចោទ​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​ភ្នំដិន ថា​ពិតជា​អ្នក​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​សារធាតុ​មេតាណុល ឬ​អាល់កុល​ក្លែងក្លាយ​ជាង ២០​តោន​ខាងលើ​នេះ​ពិត​មែន ជា​ថ្នូរ​ទទួល​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ឈ្មួញ​ល្មើស។ ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​រូប​នោះ​បញ្ជាក់​ថា កន្លងមក លោក កែវ ផាន តែង​បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​អត់​បង់ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ​ចូល​តាម​ច្រក​ទ្វារ​នេះ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក។

ប្រភព​ដដែល​បន្ត​ថា ឆ្លៀត​ក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​ជំងឺ Covid-19 ដែល​ក្រសួង​ស្ថាប័ន​នានា និង​ពលរដ្ឋ​ត្រូវការ​អាល់កុល​ប្រើប្រាស់​សម្លាប់​មេរោគ​ជា​ចាំបាច់ បែរជា​លោក កែវ ផាន បាន​ឃុបឃិត និង​បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​នាំចូល​ផលិតផល​ក្លែងក្លាយ​ជាច្រើន​ប្រភេទ​ទាំង​បំពាន​ច្បាប់​ពី​ក្រសួង​សុខាភិបាល​ជាបន្តបន្ទាប់។

ប្រភព​ពី​ឈ្មួញ​រកស៊ី​នៅ​ច្រក​ភ្នំដិន ក៏​បាន​ចោទ​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដិន នេះ​ដែរ​ថា បាន​បើក​ដៃ​ឱ្យ​អាជីវករ​ឈ្មោះ វ៉ាន់ នាំចូល​សារធាតុ​មេតាណុល​ទាំងនោះ​ពី​ប្រទេស​វៀតណាម មក​កម្ពុជា។ ឈ្មួញ​ដដែល​ថា កន្លងមក​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រក​ទ្វារ​ភ្នំដិន​នេះ គឺ​ស្ថិតនៅ​លើ​ការ​បង់លុយ​គយ​តិច ឬ​ច្រើន​តែប៉ុណ្ណោះ បើ​មាន​លុយ​ឲ្យ​គយ​ច្រើន គឺ​ទំនិញ​គ្រប់​ប្រភេទ​អាច​នាំចេញ​ចូល​តាម​ច្រក​ទ្វារ​ភ្នំដិន​នេះ​ទាំង​យប់​ទាំង​ថ្ងៃ​តែម្តង។

ប្រភព​ដដែល​បញ្ជាក់​ថា ទំនិញ​ប្រភេទ​មេតាណុល​នេះ​ត្រូវ​ឈ្មួញ​ដឹក​ពី​វៀតណាម ចូល​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ថ្ងៃ​តាមរយៈ​ឈ្មោះ វ៉ាន់ ឈ្មោះ យាយ​ផៃ និង​ឈ្មោះ ចាន់ តារា ដែល​ត្រូវជា​បងថ្លៃ​របស់​លោក វ៉ាន់។ ប្រភព​បញ្ជាក់​ថា សម្រាប់​ឈ្មួញ​ដឹក «មេតាណុល» តាម​រថយន្ត​ធុន​ធំ គឺ​ក្នុង​មួយ​ឡាន​ត្រូវ​បង់​ប្រាក់​ឲ្យ​លោក​គយ កែវ ផាន ចំនួន ១​លាន ២​សែន​រៀល ដោយ​ពុំ​មាន​លិខិត​ស្នាម​អ្វី​ឡើយ។ ចំពោះ​ដឹក​តាមរយៈ​រ៉ឺម៉ក​ម៉ូតូ​វិញ ត្រូវ​បង់​លុយ ៨០​ម៉ឺន​រៀល​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី The Cambodia Daily នៅ​មិនទាន់​មាន​ប្រភព​ទាក់ទង​លោក កែវ ផាន មេគយ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១។ ចំណែក​លោក យុគ សារ៉ាត់ អធិការ​ស្រុក​គិរីវង់ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា អាល់កុល​ក្លែងក្លាយ​ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក.ប.ប. ចាប់​បាន​នោះ គឺ​ត្រូវ​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​វរការពារ​ព្រំដែន​ស្រុក​គិរីវង់ ខេត្ត​តាកែវ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ទំនិញ និង​អ្នក​ពាក់ព័ន្ធ​ឈាន​ទៅ​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស