24 C
Phnom Penh

ប្រធាន​រដ្ឋសភា​កម្ពុជា​ផ្ញើ​សារ​អបអរ​ខួប​ឯករាជ្យ​ជាតិ​របស់​វៀតណាម​លើក​ទី​៧៦

បទវិភាគ

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ផ្ញើ​សារ​ទៅ​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម។

សារ​លិខិត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា ជូន​ទៅ​លោក Vuong Dinh Hue ប្រធាន​រដ្ឋសភា​នីតិកាល​ទី​១៥ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា តាងនាម​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា លោក​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ប្រធាន​រដ្ឋសភា​វៀតណាម និង​ថ្នាក់​ដឹកនាំ​កំពូល ក៏ដូចជា​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ជា​បងប្អូន​ក្នុង​ឱកាស​ខួប​លើក​ទី​៧៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម (ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥-២០២១)។

ប្រធាន​រដ្ឋសភា​នីតិកាល​ទី​១៥ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក Vuong Dinh Hue

លោក ហេង សំរិន បាន​រំឭក​ថា ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ធ្លាប់​បាន​ឆ្លងកាត់​របប​អាណានិគម​និយម និង​សង្គ្រាម​បំផ្លិចបំផ្លាញ​ដូចគ្នា។ លោក​ថា ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា​ទាំង​ពីរ​នេះ បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ និង​រាល់​ការ​លំបាក​ជាច្រើន​ក្នុង​ការ​តស៊ូ​ដណ្តើម​បាន​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​រៀងៗ​ខ្លួន។

លោក​លើកឡើង​ទៀត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់ និង​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ប្រទេស​ទាំង​ពីរ​បាន​ខិតខំ​ពុះពារ​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឡើងវិញ​ចាប់តាំង​ពី​បាតដៃ​ទទេ​រហូត​ដល់​សម្រេច​បាន​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ ដែល​ជា​លក្ខខណ្ឌ​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​វិបុលភាព​នា​ថ្ងៃ​អនាគត។

ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន

លោក​មាន​ជំនឿ​ថា ចំណង​មិត្តភាព​យូរអង្វែង​ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ប្រទេស​ទាំង​ពីរ​កម្ពុជា-វៀតណាម នឹង​បន្ត​រីកចម្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ជា​បងប្អូន។

ទោះ​យ៉ាងណា បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ធ្លាប់​បាន​រិះគន់​ថា ចំណង​មិត្តភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​វៀតណាម នឹង​បន្ត​រឹត​យ៉ាង​តឹង គឺ​តឹង​រហូត​ទាល់តែ​កម្ពុជា​ដកដង្ហើម​មិន​រួច ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ដឹកនាំ​កាន់​អំណាច​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ធ្លាប់​បាន​លើក​ហេតុផល​ថា ការ​រឹត​ចំណង​មិត្តភាព​កម្ពុជា-វៀតណាម គឺជា​វិធីសាស្ត្រ​នៃ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ​សម្បទាន​សម្បត្តិ​ជាតិ​កម្ពុជា​បន្ថែម​ទៀត​ឲ្យ​ទៅ​ជា​ប្រយោជន៍​របស់​រដ្ឋាភិបាល​វៀតណាម ដើម្បី​បង្កើត​ស្នាដៃ​សម្រាប់​មន្ត្រី​ថ្មីៗ​របស់​ពួកគេ។

អ្នក​តាមដាន​សង្គម​ជាច្រើន​លើកឡើង​ថា ក្រោយ​រដ្ឋាភិបាល​វៀតណាម ជួយ​ជ្រោមជ្រែង​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ហើយ​នោះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​តែង​ជួយ​សម្រេច​ផលប្រយោជន៍​ជូន​រដ្ឋាភិបាល​វៀតណាម​ជាហូរហែ ដូចជា​ការ​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កំណត់​ដែនសមុទ្រ​ឆ្នាំ​១៩៨២ ដែល​តំបន់​ទាំងនោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ទាំងស្រុង​រហូត​ដល់​សព្វថ្ងៃ​នេះ ដូចជា​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស