28 C
Phnom Penh

ពលរដ្ឋ​ចោទ​ស្នងការ​នគរបាល​ខេត្ត​កំពត​ថា​ទំនង​ជា​អាច​ពាក់ព័ន្ធ​សង្វៀន​ជល់មាន់​នៅ​ស្រុក​ទឹកឈូ ទើប​មិន​បង្ក្រាប

បទវិភាគ

ពលរដ្ឋ​រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត អះអាង​ថា សង្វៀន​ភ្នាល់​ជល់មាន់​មួយ​កន្លែង​មាន​ទីតាំង​នៅ​ភូមិ​ព្រៃឃ្មុំ ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ ដែល​មាន​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ​ពី​សាលាឃុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃឃ្មុំ បាន​បើក​ដំណើរការ​ល្បែង​ភ្នាល់​បញ្ជល់​មាន់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​បង្ក្រាប។

ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ពិនិត្យ​លើ​ប្រសិទ្ធភាព​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ការ​ហាមឃាត់​ប្រមូល​ផ្តុំ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ Covid-19 នៅ​ក្នុង​សហគមន៍ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ តើ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាងណា?

ពលរដ្ឋ​បញ្ជាក់​ថា សង្វៀន​ល្បែង​ភ្នាល់​ជល់មាន់​ខាងលើ​នេះ គឺ​បាន​បើក​ភ្នាល់​ជា​រៀងរាល់​ចុង​សប្តាហ៍ ហើយ​ក៏​ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ផង ទើប​គ្មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​នា​ពេល​កន្លងមក។

ប្រភព​ដដែល​លើកឡើង​ទៀត​ថា កន្លងមក​ឃើញ​មាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​ប៉ូលិស បាន​នៅ​រង់ចាំ​កាង​ការពារ​សង្វៀន​ល្បែង​ភ្នាល់​ជល់មាន់​ខាងលើ​នេះ។ មិន​ត្រឹម​តែប៉ុណ្ណោះ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ អ្នក​កាង​ល្បែង​ស៊ីសង​រូប​នេះ ថែមទាំង​បាន​គំរាម​ប្តឹង​អ្នកកាសែត​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៃ​សង្វៀន​ជល់មាន់​នៅ​ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ នេះ​ថែមទៀត​ផង។

ក្រុម​អ្នក​ភូមិ​បន្ត​ថា ល្បែង​ភ្នាល់​ជល់មាន់​នេះ​បាន​បើក​ភ្នាល់ ឬ​លេង​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ហើយ​ម្ចាស់​សង្វៀន​នេះ​ក៏​បាន​ផ្លាស់ប្ដូរ​ថ្ងៃ​ជា​ញឹកញាប់។ ប្រភព​ដដែល​បន្ត​ថា ចាប់តាំង​ពី​ពេល​ដែល​មាន​ការ​លេង​ល្បែង​ស៊ីសង​នេះ​មក ក្នុង​ភូមិ​របស់​គាត់​មិន​មាន​សុវត្ថិភាព​នោះ​ទេ គឺ​មាន​ការ​រំខាន​ដោយ​សំឡេង​ឈ្លោះ​គ្នា និង​ហ៊ោ​កញ្ជ្រៀវ​ខ្លាំងៗ។

ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​កើត​មាន​ក្រុម​ចោរ​ឆក់ និង​លួច​ប្លន់​ជាដើម ទើប​សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ឲ្យ​បាន​ដឹង​ឮ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​បិទ​ទីតាំង​ល្បែង​ជល់មាន់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

ទោះ​ជា​បែប​នេះ​ក្តី លោក​អធិការ​ស្រុក​ទឹកឈូ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កាលពី​ថ្មីៗ​នេះ​ថា មិន​មាន​ល្បែង​ភ្នាល់​ជល់មាន់​នៅ​មូលដ្ឋាន​ឃុំ​ព្រៃឃ្មុំ នោះ​ទេ គឺ​កន្លងមក​មាន​តែ​ការ​ជល់មាន់​តាម​ទូរទស្សន៍​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​នេះ​រូប​លោក​បាន​ចុះ​អប់រំ​រួចហើយ។

យ៉ាងណាក៏ដោយ​ចុះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ម្ចាស់​វង់​ល្បែង​ជល់មាន់​ឈ្មោះ «ក្រៀម» ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​នៅឡើយ​ទេ ខណៈ​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បើក​សង្វៀន​ជល់មាន់​មាន​ទីតាំង​នៅ​ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ បាន​ដែរ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​មួយ​ដោយ​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ឈ្មោះ Bayong Times ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ថា ការ​ចុះផ្សាយ​នោះ​គ្មាន​ភស្តុតាង និង​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ទេ ព្រោះ​ទីតាំង​ចុះផ្សាយ​នោះ​គឺជា​ផ្ទះ​ពលរដ្ឋ​ប្រកប​របរ​លក់​កាហ្វេ ភេសជ្ជៈ និង​ទំនិញ​ចាប់ហួយ ហើយ​មាន​របង​ហ៊ុមព័ទ្ធ​សំណាញ់​បៃតង ដោយសារ​ហុយ​ដី​ប៉ះពាល់​ដល់​សុខភាព និង​អាជីវកម្ម​លក់ដូរ​របស់​គាត់​តែប៉ុណ្ណោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី ឲ្យ​ដឹង​ថា ការ​បើក​វង់​ល្បែង​ស៊ីសង បើ​និយាយ​ពី​ផ្លូវច្បាប់ គឺ​មិន​ត្រឹមត្រូវ​ទេ។ ហើយ​ម្យ៉ាងទៀត នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា ឬ​មូលដ្ឋាន​ខេត្ត​កំពត កំពុង​ឆ្លង​រាតត្បាត​ដោយ​ជំងឺ Covid-19 នោះ គឺ​វា​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​តាមរយៈ​ការ​ជួបជុំ​លេង​ល្បែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ។

លោក​បន្ត​ថា ករណី​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ឈាន​ទៅ​មាន​វិធានការ​ទប់ស្កាត់ ឬ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​បើក​វង់​ល្បែង​ខុសច្បាប់ និង​អ្នក​ចូល​លេង ព្រមទាំង​អ្នក​នៅ​ពីក្រោយ​បទល្មើស​បើក​ល្បែង​ជល់មាន់​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស