24 C
Phnom Penh

ខ្មែរ​អាមេរិកាំង​បារម្ភ​ពី​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​ដីសម្បទាន​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស

បទវិភាគ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បារម្ភ​ចំពោះ​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​នឹង​រឿង​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​យក​អង្គភាព​កងទ័ព​របស់​គេ​មក​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​គេ​លើ​ទឹកដី​ខ្មែរ។

រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ព្យាយាម​បិទបាំង​នឹង​ពលរដ្ឋ​ខ្មែរ​រាប់​ទសវត្ស​អំពី​សេចក្តី​រាយការណ៍​អំពី​ព័ត៌មាន​ដែល​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ស្រុក និង​ពី​ក្រៅ​ស្រុក ធ្វើ​អាជីវកម្ម​លើ​ដី​ខ្មែរ​ជាច្រើន​ម៉ឺន​ហិកតារ​សម្រាប់​ថិរវេលា​ជាច្រើន​ទសវត្ស ហើយ​មិន​ត្រឹមតែ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិសាសន៍​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍ និង​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​ទៀត​ផង ទាំង​បច្ចុប្បន្នកាល ទាំង​អនាគតកាល។

រីឯ​ខាង​ភាគី​ដាក់​ទុន​ពី​យៀកណាម ដូចជា​ប្រធាន​បណ្ដុំ​ក្រុមហ៊ុន​កៅស៊ូ​យៀកណាម Vietnam Rubber Group (VRG) ត្រាន់ ង៉ុកធ័ន (Tran Ngoc Thuan) គេ​មិន​លាក់លៀម​អ្វី​ទេ គេ​រហូត​ដល់​ហ៊ាន​និយាយ​ដាក់​កាសែត ទួយត្រេ (Tuoi Tre) នៅ​ខែ​មេសា ឆ្នាំ​២០១២ ថា​ឲ្យ​រាជរដ្ឋាភិបាល​ពង្រីក​ផ្ទៃដី​ដាំ​កៅស៊ូ​ឲ្យ​បាន​ដល់ ១​លាន​ហិកតារ​ថែមទៀត​ផង។ ក្នុង​គេហទំព័រ​បណ្ដុំ​ក្រុមហ៊ុន VRG គេ​បាន​អួតអាង​ថា គេ​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ចម្ការ​កៅស៊ូ​រាប់​ម៉ឺន​នាក់ បង្កើន​ចំណូល​ប្រចាំ​ខែ លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ពី ២០០ ដល់ ៣៧៥​ដុល្លារ សង់​វត្ត សង់​ផ្ទះ​ឲ្យ​កម្មករ រៀបចំ​ចងក្រង​បណ្ដាញ​សង្គមកិច្ច​ដើម្បី​ជួយ​ប្រជារាស្ត្រ​ទៀត​ផង។

ទោះ​ជា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា មាន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​អះអាង​ថា សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ផែនការ​ជា​គោលការណ៍​អភិវឌ្ឍ​ជាតិ​ឲ្យ​រីកចម្រើន​ជឿនលឿន បំបាត់​ភាព​ក្រីក្រ លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ​យ៉ាងណាក៏ដោយ ធាតុ​ពិត​គឺ​ផ្ទុយពី​ការ​អះអាង​នោះ​ទាំងស្រុង។ ជនជាតិ​ខ្មែរ​នៅ​បរទេស​មើលឃើញ ហើយ​ស្រាវជ្រាវ​ឃើញ​ថា ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​នៃ​គោលការណ៍​សេដ្ឋកិច្ច​ជាតិ នឹង​ឈាន​ទៅ​រក​ការ​បំផ្លាញ​ជាតិ​ទៅវិញ។ គេ​ចោទ​សួរ​គ្នា បើ​រាជរដ្ឋាភិបាល​ខ្មែរ​មិន​ការពារ​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន ហើយ​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​តូច​ធំ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ក្នុង​ទឹកដី​ខ្មែរ​ឥត​សំចៃ​ដៃ​បែប​នោះ តើ​ប្រជាជាតិ​ខ្មែរ​មាន​អ្វី​នៅ​សេសសល់​ទៀត ១០​ឆ្នាំ ២០​ឆ្នាំ ៣០​ឆ្នាំ​ទៅ​មុខ? បើ​មាន​អ្វី​សេសសល់ តើ​សម្បត្តិ​ជាតិ​ទាំងនោះ​ស្ថិត​ក្នុង​ដៃ​ខ្មែរ ឬ​ក្នុង​ដៃ​បរទេស?

សារព័ត៌មាន The Cambodia Daily បាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​អំពី​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ភាគ​កន្លងទៅ ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជាច្រើន ហើយ​ស្នើ​ឲ្យ​យើង​ឧស្សាហ៍​ផ្សាយ​រឿង​ហ្នឹង​ឡើងវិញ​ឲ្យ​ខ្មែរ​រស់នៅ​គ្រប់​ទិសទី​បាន​ដឹង បាន​ឮ។ ចំណាប់​អារម្មណ៍​លើ​ផលវិបាក និង​គ្រោះថ្នាក់​ពី​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី ៥០​ឆ្នាំ​ទៅ ៩០​ឆ្នាំ បាន​ជំរុញ​ឲ្យ​អង្គការ​មូលនិធិ​គ្រឹះ​សម្ព័ន្ធ​ខ្មែរ ក្រោម​កិច្ច​ផ្តើម​គំនិត​រៀបចំ​ដោយ​លោក ឆង ម៉ារិទ្ធ និង​លោក វ៉ាន់ ស ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​អង្គការ​សមាគម​ខ្មែរ​មួយ​ចំនួន មាន​សម្ព័ន្ធ​ខ្មែរ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​កម្ពុជា ជាដើម ដែល​មាន​បណ្ឌិត អ៊ាវ បូវបាង ជា​អធិបតី ដើម្បី​លើក​យក​ធ្វើជា​ប្រធានបទ​មួយ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ ហើយ​ស្វែងរក​វិធីសាស្ត្រ​ការពារ​ប្រយោជន៍​ខ្មែរ។

ការ​កាប់​បំផ្លាញ​ព្រៃឡង់​នៅ​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដោយ​ក្រុមហ៊ុន​វៀតណាម ស៊ីអស៊ីខេ អភិវឌ្ឍន៍ កៅស៊ូ (C.R.C.K Aphivath Caoutchouc Co., Ltd) កាល​ពី​ឆ្នាំ​២០១៣ និង​គំនរ​ឈើ​រាប់​រយ​ដើម​ដែល​សហគមន៍​ព្រៃឡង់​ប្រទះ​ឃើញ​ក្បែរ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ​២០២០។

សារព័ត៌មាន The Cambodia Daily បាន​ផ្សាយ​កន្លងទៅ​អំពី​ឈ្មោះ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ​អ្នក​គ្រប់គ្រង ទីតាំង ទំហំ រយៈកាល​នៃ​កិច្ចសន្យា​សម្បទាន ព្រមទាំង​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ដោយ​មាន​បំណង​ចងក្រង​ជា​សៀវភៅ​សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ អង្គការ​មូលនិធិ​គ្រឹះ​សម្ព័ន្ធ​ខ្មែរ ស្នើ​ឲ្យ​រាយ​ឈ្មោះ​ក្រុមហ៊ុន​ជនជាតិ​ពី​ប្រទេស​យៀកណាម យើង​មាន​ឈ្មោះ​ក្នុង​ដៃ​ចំនួន​ជាង ៣០ ដែល​ធ្វើ​អាជីវកម្ម​លើ​ទឹកដី​ខ្មែរ​តាមរយៈ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្ទាល់ និង​តាមរយៈ​ការ​ចូល​ហ៊ុន​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​ខ្សែរយៈ​គ្រួសារ​បក្ខពួក​ឲ្យ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​អ្នក​ដឹកនាំ​ក្នុង​រាជរដ្ឋាភិបាល។ យើង​ខ្ញុំ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន​ចិន ៥៤ កូរ៉េ​ខាងត្បូង ៨ សិង្ហបុរី ១១ ម៉ាឡេស៊ី ១២ ថៃ ២ និង​ក្រុមហ៊ុន​ដទៃ​ទៀត​នោះ​ទេ ព្រោះ​ថា​ក្រុមហ៊ុន​ទាំងនេះ​គ្មាន​កង​អង្គភាព​យោធា​ស្លៀក​ឯកសណ្ឋាន​ប្រដាប់​អាវុធ​ការពារ​ដូច​ក្រុមហ៊ុន​ពី​យៀកណាម​នោះ​ឡើយ។

តទៅ​នេះ យើង​សូម​រាយ​ឈ្មោះ​ក្រុមហ៊ុន​ពី​យៀកណាម ចំនួន​៣៦ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៥៥ ដែល​មាន​សិទ្ធិ​កាន់កាប់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​លើស​ពី ១​ពាន់​ហិកតារ​ដល់ ១​ម៉ឺន​ហិកតារ គ្មាន​កំណត់​ថិរវេលា និង​មាន​ថិរវេលា​ពី ៥០​ឆ្នាំ​ដល់ ៧០​ឆ្នាំ រួមមាន៖

  1. ដុងភូ ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ នាយក​ឈ្មោះ ង្វៀង ថាញ់ហៃ ៥​ពាន់​ហិកតារ​នៅ​ខេត្ត​ក្រចេះ។
  2. ដុងណាយ ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ នាយក​ឈ្មោះ ហ៊ុញ វ៉ាន់ទូ ដី​ជាង ២​ពាន់​ហិកតារ​នៅ​ខេត្ត​ក្រចេះ។
  3. ហ្វ៍ងអាញ់ អណ្តូង​មាស នាយក​ឈ្មោះ ង្វៀង វ៉ាន់ធូ ៩​ពាន់​ហិកតារ នៅ​ខេត្ត​រតនគិរី។
  4. ជូព្រុង ប៊ិញហ្វុក ចម្ការ​កៅស៊ូ​ស្ទឹងត្រែង គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជិត ៩​ពាន់​ហិកតារ​នៅ​ខេត្ត​មណ្ឌលគិរី។
  5. ភួកហ័ អភិវឌ្ឍន៍​ចម្ការ​កៅស៊ូ កំពង់ធំ គ្មាន​ឈ្មោះ​នាយក​គ្រប់គ្រង ជិត ៥​ពាន់​ហិកតារ​នៅ​កំពង់ធំ។
  6. បារៀ អភិវឌ្ឍន៍​ចម្ការ​កៅស៊ូ កំពង់ធំ គ្មាន​ឈ្មោះ​នាយក​គ្រប់គ្រង គ្មាន​បង្ហាញ​ទំហំ​ដី តែ​ជា​ផ្នែក​នៃ​បណ្ដុំ​ក្រុមហ៊ុន​កៅស៊ូ​យៀកណាម (VRG) នៅ​ខេត្ត​កំពង់ធំ។
  7. ជូព្រុង ខេ គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង គ្មាន​បង្ហាញ​ទំហំ​ដី នៅ​ខេត្ត​រតនគិរី។
  8. វៀតឡាវ ខេ គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង គ្មាន​បង្ហាញ​ទំហំ​ដី នៅ​ខេត្ត​ក្រចេះ។
  9. ភីអិនធី (PNT) វិនិយោគ​កសិឧស្សាហកម្ម​កៅស៊ូ នាយក​ឈ្មោះ ផាន់ ហ៊ូណាម ជិត ៨​ពាន់​ហិកតារ​នៅ​ព្រះវិហារ។
  10. ក្រុមហ៊ុន CRCK អភិវឌ្ឍន៍​កៅស៊ូ គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជិត ៧៣០០​ហិកតារ​នៅ​ខេត្ត​កំពង់ធំ។
  11. ក្រុមហ៊ុន CRCK Chu Se កំពង់ធំ អភិវឌ្ឍន៍​កៅស៊ូ គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជិត ២​ពាន់​ហិកតារ​ចន្លោះ​ខេត្ត​កំពង់ធំ និង​សៀមរាប។
  12. ក្រុមហ៊ុន Trach Niem Huu Han Dau Tu-Phat Trien Dai Nam កម្ពុជា នាយក​ឈ្មោះ ឡៅ ឌឹកឌុយ ជិត ៤៥០០​ហិកតារ គ្មាន​បញ្ជាក់​ថិរវេលា​នៅ​ខេត្ត​ក្រចេះ។
  13. ក្រុមហ៊ុន VKETI – Vietnam Kampuchea Economy, Trade & Industry គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជាង ៥​ពាន់​ហិកតារ នៅ​ស្នួល ខេត្ត​ក្រចេះ។
  14. ក្រុមហ៊ុន សុវណ្ណ រាជសីហ៍ នាយក​ឈ្មោះ ង្វៀង ឌឹកមិញ ជិត ៧​ពាន់​ហិកតារ នៅ​ក្រចេះ។
  15. ក្រុមហ៊ុន ហ្វ័ងអាញ់ អូរយ៉ាដាវ នាយក​ឈ្មោះ ម៉ាយ ឌិញហុង ៩​ពាន់​ហិកតារ នៅ​រតនគិរី។
  16. ក្រុមហ៊ុន ស៊ី អ ឌី (CRD) ដាំ​កៅស៊ូ នាយក​ឈ្មោះ ង្វៀង វ៉ាន់មិញ ជិត ៨​ពាន់​ហិកតារ​នៅ​រតនគិរី។
  17. ក្រុមហ៊ុន ប៉ាស៊ីហ្វិក ឡូធើស យ៉នស្តុក (Pacific-Lotus Joint Stocks) នាយក​ឈ្មោះ ង្វៀង ថាញ់សឺន ជាង ៩​ពាន់​ហិកតារ ដាំ​កៅស៊ូ​នៅ​មណ្ឌលគិរី។
  18. ក្រុមហ៊ុន សុវណ្ណ វុទ្ធី គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ៥​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​ក្រចេះ។
  19. ក្រុមហ៊ុន តៃនិញ ក្រចេះ ស៊ូហ្គើរ (Tay Ninh-Kratie Sugar) គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជិត ៩​ពាន់​ហិកតារ នៅ​ក្រចេះ។
  20. ក្រុមហ៊ុន ប៊ិញហ្វ៊ឿក ក្រចេះ រ៉បប៊ើរ១ (Binh Phuc-Kratie Rubber 1) នាយក​ឈ្មោះ ផាន់ ស៊ីប៊ិញ ជិត ៩​ពាន់​ហិកតារ នៅ​មណ្ឌលគិរី។
  21. ក្រុមហ៊ុន កៅស៊ូ Elev BM Joint Stocks នាយក​ឈ្មោះ ឡេ វ៉ាន់ធ័ន ជាង ៨​ពាន់​ហិកតារ ដាំ​កៅស៊ូ​នៅ​រតនគិរី។
  22. ក្រុមហ៊ុន ៣០/៤ Gialani នាយក​ឈ្មោះ ង្វៀង ស៊ីញ ជាង ៩​ពាន់​ហិកតារ កែច្នៃ ចិញ្ចឹម​សត្វ​នៅ​រតនគិរី។
  23. ក្រុមហ៊ុន តាន់បៀន កំពង់ធំ អភិវឌ្ឍន៍​កៅស៊ូ នាយក​ឈ្មោះ ដួង គ្វួកវៀត ជាង ៨​ពាន់​ហិកតារ​ដាំ​កៅស៊ូ នៅ​កំពង់ធំ។
  24. ក្រុមហ៊ុន ដូទី សៃហ្គង ប៊ិញហ្វ៊ឿក (SBK) នាយក​ឈ្មោះ ដាង ថាញ់តាំ ជាង ៦​ពាន់​ហិកតារ​ដាំ​កៅស៊ូ ដំឡូងមី ស្វាយចន្ទី នៅ​ក្រចេះ។
  25. ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ជូប៉ាហ៍ អភិវឌ្ឍន៍​កៅស៊ូ នាយក​ឈ្មោះ ង្វៀង ឌុយលិញ ជាង ៦​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​កំពង់ធំ។
  26. ក្រុមហ៊ុន ស៊ី & វី ហ្រ្គុប នាយក​ឈ្មោះ លី ម៉ួយ ៧​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​ក្រចេះ។
  27. ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brothers) នាយក​ឈ្មោះ ង្វៀង ទ័នលិញ ជាង ២​ពាន់​ហិកតារ​ដាំ​កៅស៊ូ នៅ​រតនគិរី។
  28. ក្រុមហ៊ុន ហ្វ័ងអាញ់ ម៉ាងយ៉ាង ខេ នាយក​ឈ្មោះ ឡេ ឌិញប៊ូ ជិត ៧​ពាន់​ហិកតារ ដាំ​កៅស៊ូ​នៅ​រតនគិរី។
  29. ក្រុមហ៊ុន ក្រុង បុក រតនគិរី អភិវឌ្ឍន៍​កៅស៊ូ នាយក​ឈ្មោះ ង្វៀង វ៉ាន់ថាញ់ ជិត ៧​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​រតនគិរី។
  30. ក្រុមហ៊ុន មេហ្គារ ស្តារ អ៊ិនវេសមេន & ហ្វរេសស្រ្ទី ឌីវេឡុបមេន (Mega Star Investment & Forestry Development) នាយក​ឈ្មោះ ង្វៀង ទ្រុងគៀន ៨​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​ក្រចេះ។
  31. ក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍​កៅស៊ូ គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជាង ៤​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​មណ្ឌលគិរី។
  32. ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ នាយក​ឈ្មោះ ង្វៀង ហុង ភូ ជាង ៦​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​ក្រចេះ។
  33. ក្រុមហ៊ុន មេហ្គាស្តារ ប្រូឌ្យូស & អ៊ីមផត អ៊ិចផត (Mega Star Produce & Import, Export) នាយក​ឈ្មោះ ឡៃ ភូជៀន ៨​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​ក្រចេះ។
  34. ក្រុមហ៊ុន ហ៊ងអាញ លំផាត់ នាយក​ឈ្មោះ ង្វៀង វ៉ាន់ធូ ជាង ៩​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​រតនគិរី។
  35. ក្រុមហ៊ុន តៃនិញ សៀមរាប អភិវឌ្ឍន៍​កៅស៊ូ គ្មាន​ឈ្មោះ​អ្នក​គ្រប់គ្រង ជិត ៨​ពាន់​ហិកតារ ដាំ​កៅស៊ូ នៅ​ឧត្តរមានជ័យ។
  36. ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ើរ ខេមបូឌា (Eastern Rubber Cambodia) នាយក​ឈ្មោះ ហ្វ័ង ធីគួង ១​ម៉ឺន​ហិកតារ ដាំ​កៅស៊ូ នៅ​ខេត្ត​ក្រចេះ។

ក្រុមហ៊ុន​ឈ្មោះ វាសនា វិនិយោគ ពី​មុន​ឈ្មោះ អាន ម៉ាឌី ក្នុង​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី នៅ​ឆ្នាំ​២០១២ ផ្ទេរ​ឈ្មោះ​ឲ្យ​ទៅ​ក្រុមហ៊ុន ៧៥ រតនគិរី មាន​ប្រធាន​ក្រុមហ៊ុន​ជា​មេបញ្ជាការ​កងអនុសេនាធំ​លេខ​៧៥ ឈ្មោះ ដ វ៉ាន់សាង (Do Van Sang)។ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ ឡេ បាវហ័ន (Le Bao Hoan) និង ទ្រិញ ហាតាំ (Trinh Ha Tam)។ ក្រុមហ៊ុន វាសនា វិនិយោគ នៅ​ឆ្នាំ​២០០៦ គ្រប់គ្រង​ដោយ​ឧកញ៉ា កុល វាសនា ជា​ប្រធាន រួម​នឹង​ឈ្មោះ៖

  • ហុង នីកូលីន
  • ម៉ក់ គិមហុង
  • ម៉ែន សុភ័គ
  • នង វាសនា
  • និង ទុយ រស្មី។

ក្រុមហ៊ុន រ៉ាម៉ា​ខ្មែរ​អន្តរជាតិ បើក​ឆ្នាំ​១៩៩៦ មាន​សិទ្ធិ​កាន់កាប់​ដី​នៅ​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី មាន​ឈ្មោះ ហេង ហៀប ជា​នាយក និង​ជនជាតិ​ពី​យៀកណាម​ឈ្មោះ ង្វៀង កាញ់គ្វាង (Nguyen Canh Quang) និង ផាំ វ៉ាន់យ៉ាង (Pham Van Giang)។ ក្រុមហ៊ុន​នេះ​ដូរ​ឈ្មោះ​ជា អភិវឌ្ឍន៍​កៅស៊ូ ៧២ រតនគិរី មាន​ឈ្មោះ ផាំ វ៉ាន់យ៉ាង មេបញ្ជាការ​កងអនុសេនាធំ​លេខ​៧២ ជា​នាយក​គ្រប់គ្រង។

ក្រុមហ៊ុន ជា ចន្ទរិទ្ធ អភិវឌ្ឍន៍ បាន​ទទួល​ដីសម្បទាន​នៅ​ស្រុក​តាវែង ឆ្នាំ​២០០៧ ផ្ទេរ​ឲ្យ​ទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កៅស៊ូ ៧២ អូរយ៉ាដាវ គ្រប់គ្រង​ដោយ​ឈ្មោះ ង្វៀង កាញ់គ្វាង និង ង្វៀង ភូសឺង អំឡុង​ឆ្នាំ​២០១២-២០១៣។

ក្រុមហ៊ុន Dai Dong Duong Commercial Joint Stock Co. បាន​ទទួល​ដីសម្បទាន​នៅ​ស្រុក​អូរយ៉ាដាវ ឆ្នាំ​២០១០ គ្រប់គ្រង​ដោយ​ឈ្មោះ ហ្វ័ង វ៉ាន់ស៊ី (Hoang Van Sy) ផ្ទេរ​ការ​គ្រប់គ្រង​ក្នុង​អំឡុង​ឆ្នាំ​២០១២-២០១៣ ឲ្យ​ឈ្មោះ ត្រាន់ គ្វាងហ៊ុង (Tran Quang Hung) មេបញ្ជាការ​កងអនុសេនាធំ​លេខ​៧៤ ដោយ​ដូរ​ឈ្មោះ​ជា​ក្រុមហ៊ុន អភិវឌ្ឍន៍​កៅស៊ូ ៧៤ រតនគិរី។ ផ្ទៃដី​ទាក់ទង​នឹង​អង្គភាព​នៃ​កងទ័ព​ប្រជាជន​យៀកណាម​កាន់កាប់​មាន​ទំហំ​ប្រមាណ ៤​ម៉ឺន​ហិកតារ។ មន្ត្រី​ធំៗ​រាជរដ្ឋាភិបាល​ដែល​ដឹង​ឮ​ក្នុង​ដីសម្បទាន​ច្បាស់​ជាង​គេ គឺ​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ដន្លង​នឹង​គ្នា។

ខណៈ​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​យល់​ដឹង​ច្បាស់​អំពី​ផលវិបាក និង​គ្រោះថ្នាក់​ពី​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ស្រុក​ខ្មែរ​ដោយ​រាជរដ្ឋាភិបាល ជនជាតិ​ខ្មែរ​មួយ​ចំនួន​ទៀត​មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក យល់​ថា​ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ឥត​ខ្វល់ខ្វាយ​អំពី​សេចក្តី​អន្តរាយ​ផ្សេងៗ​មាន​វិនាសកម្ម​ធនធាន​ធម្មជាតិ ខាតបង់​សេដ្ឋកិច្ច​ជាតិ បាត់​សិទ្ធិ​ជា​ម្ចាស់​ទឹកដី សេរីភាព​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស​អ្វី​នោះ​ឡើយ។

តាម​សេចក្តី​ប្រកាស​អន្តរជាតិ​នានា​តាំងពី​ឆ្នាំ​១៩៤៨ ដល់​ឆ្នាំ​២០០៧ មាត្រា​ជាច្រើន​ចែង​អំពី​សិទ្ធិ​ដីធ្លី និង​សិទ្ធិមនុស្ស​ប្រភេទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ទឹកដី។ សិទ្ធិ​ទាំងអស់​នោះ ត្រូវ​បាន​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​រំលោភ​សឹងតែ​រាល់​ថ្ងៃ​នៅ​នឹង​មុខៗ​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ តាមរយៈ​ការ​ប្រើ​វិធី​បង្ក្រាប​បែប​ហិង្សា​ប្រដាប់​អាវុធ​រហូត​ដល់​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ និង​របួស​ស្នាម។ ជន​រងគ្រោះ​ជូត​ទឹកភ្នែក​ហើយ​ដេក​ឱប​ទុក្ខ​ទាំង​ក្តី​ឈឺចាប់​មិន​ដឹង​ថ្លែង​ប្រាប់​នរណា។

ជនរងគ្រោះ​ខ្មែរ​ពី​ជម្លោះ​ដីធ្លី​មាន​ចំនួន​ជិត ១​លាន​នាក់ តាម​ពាក្យ​បណ្តឹង​ដាក់​ចូល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ International Criminal Court (ICC) ដោយ​មេធាវី Richard Rogers។ ក្នុង​ឆ្នាំ​២០០១ ពលរដ្ឋ​ប្រទេស​ហ្ស៊ីមបាវ៉េ បី​នាក់​រងគ្រោះ​ដោយ​របប​ប្រធានាធិបតី Robert Mugabe ដាក់​ពាក្យ​បណ្ដឹង​ក្នុង​តុលាការ​អាមេរិកាំង ចោទ​អំពី​ការ​ធ្វើ​ទារុណកម្ម និង​ឃាតកម្ម។ តុលាការ​អាមេរិកាំង​នៅ​ក្រុង​ញីវយ៉ក កាត់​សេចក្តី​ឲ្យ​ជនរងគ្រោះ​ឈ្នះ។ ចៅក្រម​បញ្ជា​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ខ្ទប់​ជំនួយ​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​ហ្ស៊ីមបាវ៉េ ចំនួន ៦៣​លាន​ដុល្លារ ព្រមទាំង​ស្វែងរក​សម្បត្តិ​ទ្រព្យ​ប្រធានាធិបតី Mugabe នៅ​ស្វីស និង​ប្រទេស​ដទៃ។

រឿង​ត្រូវ​ជួយ​ស្រោចស្រង់​ជាតិ​មាតុភូមិ​ជា​រឿង​របស់​ខ្មែរ ដែល​ខ្មែរ​ផ្ទាល់​ជា​អ្នក​ផ្តើម មិនមែន​បរទេស​ទេ។ តើ​សហគមន៍​ខ្មែរ​អាមេរិកាំង នឹង​ធ្វើ​យ៉ាងណា​ទៀត​នោះ​ជា​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​រៀងៗ​ខ្លួន។ ជាមួយ​គ្នា​នេះ ខ្មែរ​ត្រូវ​ផ្តើម​ពី​ការ​យល់​ដឹង​ត្រូវ គិត​ត្រូវ និង​ធ្វើ​ត្រូវ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស