29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ពី​ប្រធានាធិបតី​រុស្ស៊ី ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ល្អ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នយោបាយ​នោះ​ទេ។

លោក​អះអាង​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​កុម្មុយនីស្ត និង​មេដឹកនាំ​ផ្ដាច់ការ តែង​ផ្សារភ្ជាប់​បាន​ល្អ​ជានិច្ច ព្រោះ​ថា​មេដឹកនាំ​កុម្មុយនីស្ត​មិន​មាន​សម្ពាធ​ណាមួយ​លើ​រដ្ឋាភិបាល​ផ្ដាច់ការ​ឲ្យ​គោរព​សិទ្ធិមនុស្ស ឬ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ដូច​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច​ពេល​កន្លងមក​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​មាន​ទំនាក់ទំនង​ការទូត​ឲ្យ​បាន​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត មិន​ថា​ប្រទេស​កុម្មុយនីស្ត ឬ​ប្រទេស​លោកសេរី​នោះ​ទេ ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន ដោយ​ចៀសវាង​ដាច់ខាត​ការ​ផ្ដួល​ខ្លួន​ពឹងផ្អែក​តែ​មហាអំណាច​ណាមួយ​ដូច​កម្ពុជា​កំពុង​បង្ហាញ​ជំហរ​ទំនាក់ទំនង​ល្អ​ជាមួយ​មហាអំណាច​កុម្មុយនីស្ត​ចិន តែ​ហាក់​មិន​ចុះ​សម្រុង​ជាមួយ​មហាអំណាច​លោកសេរី​ដូច​សព្វថ្ងៃ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង

ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​លេខ​៤៣៤ ស្ដីពី​ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ថ្នាក់​មិត្តភាព​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​រុស្ស៊ី និង​កម្ពុជា បន្ទាប់ពី​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី បាន​បង្កើត​ចំណង​ការទូត​អស់​រយៈពេល​ជាង ៦០​ឆ្នាំ​មក​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា​មាន​ឯករាជភាព​ដោយ​ខ្លួនឯង​ពិតប្រាកដ លែង​ផ្ដេកផ្ដួល​លើ​បរទេស​ខាងក្រៅ កម្ពុជា​ត្រូវតែ​រក្សា​ចំណង​ការទូត​ឲ្យ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ប្រទេស​លោកសេរី និង​ប្រទេស​កុម្មុយនីស្ត ដោយ​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាដើម។

បែប​នេះ​ក្តី ការ​ដឹកនាំ​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា​កន្លងមក ត្រូវ​គេ​មើលឃើញ​ថា​ហាក់​មាន​ភាព​រកាំរកូស​ចំណង​ការទូត​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ក្រោយ​មាន​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ឲ្យ​ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​របស់​ខ្លួន​ពឹងផ្អែក​លើ​មហាអំណាច​កុម្មុយនីស្ត ជាជាង​ការ​ចង​សម្ព័ន្ធមិត្ត​ល្អ​ជាមួយ​ប្រទេស​លោកសេរី។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​បក្ស​នយោបាយ​លើ​ពិភពលោក​ថា ជំនួយ​ចិន មិន​ត្រឹមតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​នូវ​ឯករាជភាព​ខាង​នយោបាយ​របស់​ខ្លួន​ថែមទៀត។

យ៉ាងណាក៏ដោយ ឧបការី​សហរដ្ឋ​អាមេរិក អ្នកស្រី វីនឌី ហ្សឺមែន (Wendy Sherman) រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី Marise Payne កាលពី​ពេល​ថ្មីៗ​នេះ បាន​ក្រើន​រំឭក​ដល់​រដ្ឋាភិបាល​កម្ពុជា ថា​បើ​កម្ពុជា​មិន​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មានន័យ​ថា កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស