ប៉ាគីស្ថាន​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ក្រោម​បំណុល​ចិន​ពាន់​លាន​ដុល្លារ​សង​មិន​រួច

ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន គឺ​ច្រើនតែ​បង្វិល​ប្រាក់សំណង​ទៅវិញ​មិន​រួច ហើយ​ត្រូវ​បាន​ចិន​រឹបអូស​ទ្រព្យសម្បត្តិ។

ស្រីលង្កា ត្រូវ​បាន​មើលឃើញ​ថា​ជា​ប្រទេស​ដំបូង​គេ​ធ្លាក់​ខ្លួន​ជា​កូនបំណុល​ចិន​រើ​មិន​រួច។ ដោយសារ​ករណី​នេះ យ៉ាងហោចណាស់​កំពង់ផែ​សមុទ្រ​ចំនួន​ពីរ​កន្លែង​របស់​ប្រទេស​នេះ ត្រូវ​បាន​ចិន​រឹបអូស​យក​មក​ធ្វើ​ជា​ភាគហ៊ុន​របស់​ខ្លួន​ផ្ទាល់។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ដែល​ជា​កូនបំណុល​នៃ​ប្រទេស​ចិន កំពុង​សិក្សា​ឡើងវិញ​ពី​ហានិភ័យ​ខ្លាច​ដូច​ប្រទេស​ស្រីលង្កា។ ដែន​កោះ​ម៉ាឌីវ ជា​ប្រទេស​តូច​មួយ​សម្រេច​ខ្ចី​ប្រាក់​ពី​ឥណ្ឌា ១៥០០​លាន​ដុល្លារ ដោយ​ប្រគល់​ឱ្យ​ចិន​វិញ ខណៈ​ចិន​គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​ភាគហ៊ុន​មួយ​ចំនួន។ តែ​សម្រាប់​ប្រទេស​ប៉ាគីស្ថាន ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែរ​នេះ បាន​ធ្លាក់​ក្នុង​បំណុល​ចិន​ពាន់​លាន​ដុល្លារ​ទៅ​ហើយ។

សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន Asia Times កាលពី​ថ្ងៃ​ទី​៣០ ឧសភា បាន​រាយការណ៍​ថា ប៉ាគីស្ថាន​កំពុង​ប្រឈម​នឹង​បញ្ហា​ជាមួយ​ចិន​នូវ​គម្រោង​ថាមពល​ក្រោម​របៀង​សេដ្ឋកិច្ច​ចិន និង​ប៉ាគីស្ថាន​ដែល​ចំនួន​លើស​ពី ៣១​ពាន់​លាន​ដុល្លារ ជំរុញ​ឱ្យ​ក្រុង​ប៉េកាំង បដិសេធ​មិន​បន្ត​ឱ្យ​ប៉ាគីស្ថាន​ពន្យារ​ការ​សងបំណុល​នោះ​ឡើយ។

តាម​ប្រភព​ដដែល​នេះ បំណុល​ចេះតែ​កើន​ឡើង គឺ​ស្ថិត​ក្រោម​កិច្ចសន្យា​ពិសេស​មួយ​ដែល​គេ​ហៅថា take-or-pay contract គឺ​មាន​ន័យ​ថា​កូនបំណុល​ត្រូវ​មាន​កាតព្វកិច្ច​បង់​ប្រាក់​ឱ្យ​ម្ចាស់បំណុល តែ​បើ​ពុំ​មាន​លទ្ធភាព​ដោយ​ប្រការ​ធ្ងន់ធ្ងរ​ណាមួយ គឺ​ម្ចាស់បំណុល​នឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ប៉ាគីស្ថាន គឺ​គម្រោង​ថាមពល​នោះ​ពី​ដំបូង​មាន​ទឹកប្រាក់ ១៩​ពាន់​លាន​ដុល្លារ តែ​ក្រោយ​មក​ប៉ាគីស្ថាន​ចេះតែ​បន្ត​ខ្ចី​ចិន គឺ​រហូត ៥៩០០​លាន​ដុល្លារ។

តាម​កិច្ចសន្យា​បាន​ឱ្យ​ដឹង​ថា ប៉ាគីស្ថាន​មាន​កាតព្វកិច្ច​ក្នុង​ការ​សង​ទៅកាន់​ក្រុមហ៊ុន​ថាមពល​របស់​ចិន​ជា​សាច់ប្រាក់ ៥៩០០​លាន​នេះ​ក្នុង​រយៈពេល​បួន​ឆ្នាំ បើ​ពុំ​នោះ​ទេ ក្រុមហ៊ុន​ថាមពល​ប្រទេស​ចិន នឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​កូនបំណុល។

ប៉ាគីស្ថាន​រអ៊ូរទាំ​ថា ទឹកប្រាក់​ជាច្រើន​នៅតែ​ប៉ាគីស្ថាន​ជំពាក់​ចិន​ដដែល បើ​ទោះបីជា​រោងចក្រ​ថាមពល​របស់​ចិន​មិន​អាច​ផលិត​អគ្គិសនី​ទៅតាម​បរិមាណ​តម្រូវការ។

លោក Farrukh Saleem ជា​អ្នកវិភាគ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អតីត​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​និយាយ​ប្រាប់​កាសែត Asia times ថា ស្ថានភាព​បំណុល​សាធារណៈ​នៃ​ប្រទេស​ប៉ាគីស្ថាន កើន​ឡើង​ពី ៧២០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដល់​ទៅ ១៥៨០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១។

លោក​ប៉ាន់ស្មាន​ថា នៅ​ឆ្នាំ​២០២៥ បំណុល​នេះ​នឹង​កើន​ឡើង​ដល់ ២៦៣០០​លាន​ដុល្លារ។ ចំណែក​ថ្លៃ​បង់​សង គឺ​កើន​ឡើង​ពី ៤​ពាន់​លាន​ដល់​ទៅ ៥៩០០​លាន​ដុល្លារ ហើយ​នឹង​កើន​ឡើង​ដល់​ទៅ ៩៨០០​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នេះ គឺ​ពេល​នោះ ទ្រព្យសម្បត្តិ​របស់​ប្រទេស​ទាំងមូល​អាច​នឹង​ត្រូវ​បាន​ម្ចាស់បំណុល​រឹបអូស។

នៅ​លើ​ពិភពលោក​យើង​នេះ មាន ១៩៣​ប្រទេស។ ប្រទេស​ក្រីក្រ​ភាគច្រើន​សុទ្ធតែ​ជា​កូនបំណុល​នៃ​ប្រទេស​ចិន គឺ​គ្រាន់តែ​តិច ឬ​ច្រើន​តែប៉ុណ្ណោះ។

ប្រទេស​ស្រីលង្កា ស្ថិត​នៅ​អាស៊ី​ខាងត្បូង​បាន​ក្លាយ​ជា​កូនបំណុល​ចិន​ដ៏​ធ្ងន់ធ្ងរ គឺ​ជាង​មួយ​ទសវត្សរ៍​ប៉ុណ្ណោះ ប្រទេស​ក្រីក្រ​នេះ​បាន​ខ្ចីបុល​ចិន​នូវ​ទឹកប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ ក្នុង​បំណុល​សរុប ៨៥០០​លាន​ដុល្លារ​អាមេរិក។ ទីបំផុត កំពង់ផែ​ចំនួន​២ ត្រូវ​បាន​ចិន​រឹបអូស។

តែ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​ដ៏​ធំ​ជាងគេ គឺ​ប្រទេស​ឥណ្ឌា ដែល​មិន​ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​មាន​កម្រិត​សេដ្ឋកិច្ច​ជឿនលឿន​កម្រិត​ខ្លាំងក្លា​នោះ​ទេ គឺ​ប្រទេស​នេះ​ពុំ​បាន​ឮ​ព័ត៌មាន​ណាមួយ​ចុះផ្សាយ​ថា​ធ្លាក់​ក្នុង​បំណុល​ចិន​ធ្ងន់ធ្ងរ​នោះ​ទេ។

តាម​ការ​កត់សម្គាល់ នៅ​អាស៊ី ប្រទេស​ដែល​មិន​បាន​ក្លាយ​ជា​កូនបំណុល​របស់​ចិន គេ​អាច​រាប់​ឥណ្ឌា និង​ជប៉ុន​ជា​ប្រទេស​សេដ្ឋកិច្ច​ទី​បី​បន្ទាប់ពី​ចិន។ សម្រាប់​ស្រីលង្កា បាន​ក្លាយ​ជា​កូនបំណុល​ចិន​ដ៏​គ្រោះថ្នាក់​ជាងគេ​បំផុត។

តាម​សេចក្ដី​រាយការណ៍​របស់​ប្រភព​ព័ត៌មាន​បរទេស​ជាច្រើន បាន​ចុះផ្សាយ​ថា កំពង់ផែ​សមុទ្រ និង​ឆ្នេរ​លំហែ​កាយ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​ភាគហ៊ុន​ស្វយ័ត​របស់​ចិន​ទាំងស្រុង ទោះ​ជា​កិច្ចសន្យា ៩៩​ឆ្នាំ​ក៏ដោយ។

ករណី​នេះ នាំ​ឱ្យ​អ្នក​នយោបាយ​ប្រទេស​នេះ​បែកបាក់​គ្នា ដោយ​ក្រុម​ខ្លះ​ចោទ​ថា​មកពី​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី មហា​ហិន​ដារ៉ា យ៉ាប៉ាសេ ដែល​ស្និទ្ធ​នឹង​ចិន បណ្ដោយ​ឱ្យ​គម្រោង​វិនិយោគ​របស់​ចិន ក្លាយ​ជា​ប្រភព​នៃ​ការ​កិបកេង​ប្រាក់​កម្ចី។ ជាមួយ​គ្នា​នេះ ប្រទេស​បង់ក្លាដេស ក៏​កំពុង​ធ្លាក់​ក្នុង​បំណុល​របស់​ចិន​ផង​ដែរ។ ដោយសារ​ធ្លាក់​ក្នុង​បំណុល​របស់​ចិន គឺ​ចិន​កំពុង​គំរាម​ប្រទេស​នេះ​មិន​ឱ្យ​ចង​សម្ព័ន្ធភាព​យោធា​ជាមួយ​ប្រទេស​ភាគី​ចតុ​សន្ទនា​គ្នា​ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។

ដោយឡែក​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ក៏​កំពុង​ធ្លាក់​ក្នុង​បំណុល​ចិន​ធ្ងន់ធ្ងរ មាន​ប្រទេស​ភូមា ប្រទេស​ឡាវ កម្ពុជា និង​ហ្វីលីពីន។ ប្រទេស​ទាំង​៤​នេះ​ជា​កូនបំណុល​ចិន​ច្រើន​ពាន់​លាន​ដុល្លារ។ ប្រទេស​៤​នេះ​ត្រូវ​បាន​មើលឃើញ​ថា មិន​ត្រឹម​ធ្លាក់​ក្នុង​បំណុល​ចិន​នោះ​ទេ គឺ​ធ្លាក់​ក្រោម​ឥទ្ធិពល​នយោបាយ​ចិន​ទៀត​ផង។ ចំពោះ​បណ្ដា​ប្រទេស​អាហ្វ្រិក​ឯណោះ​វិញ គឺ​ភាគច្រើន​ជា​ប្រទេស​ក្រីក្រ បាន​កំពុង​វ័ណ្ឌក​នឹង​បំណុល​ប្រទេស​ចិន​ដែរ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ​ថា ចិន​ជា​ម្ចាស់បំណុល​ធំ​ជាងគេ​នៅ​បណ្តា​ប្រទេស​អាហ្រ្វិក ហើយ​ថា​ចិន​កំពុង​ប្រើប្រាស់​បំណុល​ដើម្បី​គ្រប់គ្រង​ភាគហ៊ុន និង​ធនធាន​ជាច្រើន​របស់​ប្រទេស​ទាំងនោះ។

កាលពី​ថ្មីៗ​នេះ មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ស៊ីរ៉ាឡេអូន គឺ​លោក Julius Maada Bio បាន​សម្រេច​លុប​ចោល​កម្ចី ៤០០​លាន​ដុល្លារ​ពី​ចិន ដែល​ទឹកប្រាក់​នេះ​ជា​ការ​ស្នើ​ខ្ចី​ពី​មេដឹកនាំ​មុន​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ។

កម្ចី​នេះ គឺ​ខ្ចី​ដោយ​ប្រធានាធិបតី​មុន​ឈ្មោះ លោក Ernest Bai Koroma ក្នុង​គោលបំណង​យក​ទៅ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​ទៀត​នៅ​ក្រៅ​រដ្ឋធានី។ មេដឹកនាំ​ចិន បាន​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា គ្មាន​ប្រទេស​ណាមួយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​ព្រោះតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខ្លួន​នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោកស្រី ហួរ ឈុនអ៊ីង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា មិន​មាន​ប្រទេស​កំពុង​អភិវឌ្ឍ​ណាមួយ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល​ដោយសារតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នោះ​ទេ។

ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​ទាំងនោះ​ជាមួយ​ចិន ជួយ​បង្កើន​សមត្ថភាព​របស់​ប្រទេស​ទាំងនោះ​ក្នុង​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង ក៏ដូចជា​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​របស់​ពួកគេ​បាន​ប្រសើរ​ឡើង​ទៀត​ផង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.