28 C
Phnom Penh

វៀតណាម​សុំ​វ៉ាក់សាំង​COVID-19​ពី​អាមេរិក ខណៈ​សមាជិក​អាស៊ាន​មួយ​នេះ​ពុំ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ចិន​ជា​ប្រទេស​ជាប់​របង​នឹង​គ្នា

បទវិភាគ

វៀតណាម ជា​ប្រទេស​មួយ​ដ៏​ធំ​នៃ​សមាគម​អាស៊ាន ១០​ប្រទេស។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនិស្ត​ដែល​មាន​របង​ព្រំដែន​ជាប់​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​ប្រទេស​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ វ៉ាក់សាំង​ចិន ដែល​កំពុង​ចាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ។

ប្រទេស​ក្នុង​តំបន់​អាស៊ាន​សឹងតែ​ទាំងអស់​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ ប្រទេស​ដែល​ពុំ​បាន​ឮ​ថា​ប្រើ​វ៉ាក់សាំង​ចិន មាន​សិង្ហបុរី និង​វៀតណាម។ សម្រាប់​សិង្ហបុរី ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់ កំពុង​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ តែ​សម្រាប់​វៀតណាម ជា​រដ្ឋ​កុម្មុយនិស្ត​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន បែរ​ជា​ពុំ​អើពើ​សុំ​ជំនួយ ឬ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន នោះ​ទេ បែរ​ជា​ទៅ​សុំ​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ជា​អតីត​សត្រូវ​នឹង​គ្នា​កាល​ពី​ក្នុង​សង្គ្រាម​វៀតណាម​ខាងត្បូង ទសវត្ស​១៩៦០ និង ១៩៧០។

សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​៣១ ឧសភា នេះ​ថា ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដើម្បី​ស្នើសុំ​ជំនួយ​វ៉ាក់សាំង COVID-19។

តាម​ប្រភព​ដដែល​នេះ វៀតណាម កំពុង​ប្រយុទ្ធ​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ ជាពិសេស​គឺ​នៅ​ក្រោយ​ការ​រក​ឃើញ​វីរុស COVID-19 បំប្លែង​ថ្មី​កាត់​ឥណ្ឌា-អង់គ្លេស ជា​លើក​ដំបូង។ ក្រៅ​ពី​ការ​ស្នើសុំ​ជំនួយ ប្រធានាធិបតី​វៀតណាម ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ក្នុង​ការ​ផ្តល់​ថវិកា ៤​ពាន់​លាន​ដុល្លារ​គាំទ្រ​ដល់​កម្មវិធី​ចែកចាយ​វ៉ាក់សាំង COVID-19 អន្តរជាតិ COVAX ដែល​ប្រទេស​វៀតណាម កន្លង​មក​នេះ វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ប្រមាណ ២​លាន ៥​សែន​ដូស​រួច​មក​ហើយ​ជា​វ៉ាក់សាំង​របស់​អាមេរិក និង​អង់គ្លេស។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​រដ្ឋការ​លោក ចូ បៃដិន ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ COVID-19 ចំនួន ៨០​លាន​ដូស​ទៅ​កាន់​អន្តរជាតិ ខណៈ​ស្ថានការណ៍​ឆ្លង​រាតត្បាត​នៅ​អាស៊ី​អាគ្នេយ៍ និង​វៀតណាម​ផ្ទាល់​សុទ្ធតែ​កំពុងតែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​ជួយ​គាំទ្រ​វៀតណាម ព្រមទាំង​ប្រទេស​ដទៃ​ទៀត​តាមរយៈ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ COVID-19។ បើ​តាម​លោក​ប្រធានាធិបតី គឺ​ប្រទេស​វៀតណាម និង​សហរដ្ឋ​អាមេរិក នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ផ្ទេរ​បច្ចេកទេស​ផលិត​វ៉ាក់សាំង​មក​ឱ្យ​វៀតណាម។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​និយាយ​ទៅកាន់​សមភាគី​វៀតណាម Bui Thanh Son ដោយ​តំណាង​ប្រទេស​ទាំង​២ បាន​សន្ទនា​គ្នា​អំពី​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់ គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​ជួយ​វៀតណាម ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។ ប្រទេស​វៀតណាម បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស COVID-19 បំប្លែង​ថ្មី​ចំនួន​២ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ឥណ្ឌា។

សេចក្ដី​រាយការណ៍​របស់​កាសែត​វៀតណាម VN Express បាន​ឱ្យ​ដឹង​ថា បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​វៀតណាម គឺ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​មាន​សមត្ថភាព​ឆ្លង​យ៉ាង​លឿន​រហ័ស​នៅ​ក្នុង​ខ្យល់ តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ភាព​កាច​សាហាវ​របស់​វា​ទេ។ វៀតណាម បាន​កត់ត្រា​ករណី​ឆ្លង​សរុប​ជាង ៦៥៧០​ករណី ក្នុង​នោះ​ករណី​សហគមន៍​មាន​ចំនួន​ជាង ៥​ពាន់​ករណី និង​ករណី​នាំ​ចូល ១៤៩៣​ករណី។ ចំណែក​អ្នក​ស្លាប់​មាន ៤៧​នាក់។ ចំណែក​អ្នក​ជាសះស្បើយ​មាន​ចំនួន​សរុប ២៨៩៦​នាក់។ តែ​បែប​នេះ​ក្ដី មាន​ការ​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​វៀតណាម មិន​ស្វែងរក​ជំនួយ​វ៉ាក់សាំង ឬ​ទិញ​ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ដ៏​ធំ​នៅ​លើ​ពិភពលោក។

វៀតណាម បាន​ក្លាយ​ជា​ប្រទេស​មួយ​នៃ​សមាគម​អាស៊ាន ដែល​សម្រេច​ប្រឈម​មុខ​នឹង​ប្រទេស​ចិន ក្នុង​ជម្លោះ​ដែន​សមុទ្រ​ដែល​វៀតណាម ចាត់​ទុក​ថា​ដែន​កោះ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​តែ​រង​ការ​បំពាន​ថែម​ទៀត​ពី​ប្រទេស​ចិន។ វៀតណាម ប្រកាស​ថា ចិន​ជា​ប្រទេស​ជិតខាង​នឹង​ខ្លួន តែ​ជា​ប្រទេស​ចូលចិត្ត​បំពាន​លើ​ប្រទេស​តូច​ជាង​ខ្លួន។ សម្រាប់​វៀតណាម មិន​អាច​រាប់​ចិន ជា​មិត្ត​ជាប់​របង​ព្រំដែន​ជា​មិត្ត​ចិត្ត​ស្មោះត្រង់​នោះ​ទេ។

វៀតណាម ស្រវា​ឱប​អាមេរិក ព្រោះ​តែ​វៀតណាម ត្រូវការ​អាមេរិក​ជា​មិត្ត​នឹង​ខ្លួន ដើម្បី​ជួយ​វៀតណាម ប្រឆាំង​នឹង​នយោបាយ​វាតទី​របស់​ចិន។ តាម​ប្រវត្តិសាស្ត្រ វៀតណាម មិន​ដែល​ចាត់​ទុក​ចិន ជា​មិត្ត​ស្មោះត្រង់​ម្ដង​ណា​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស