28 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​លើក​កម្ពស់​សិទ្ធិ​កុមារ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត

បទវិភាគ

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រាជការ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ត្រូវ​នាំ​គ្នា​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧២ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី​២០ នៃ​ទិវា​ប្រឆាំង​ពលកម្ម​លើ​កុមារ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​នេះ ក្រសួង​ស្ថាប័ន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ត្រូវ​ចុះ​សួរ​សុខទុក្ខ​កុមារ​តាម​មជ្ឈមណ្ឌល​កុមារ​កំព្រា និង​មណ្ឌល​ស្ដារ​នីតិសម្បទា ជាដើម។

លោក​អះអាង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​គោរព ការពារ និង​បំពេញ​សិទ្ធិ​នានា​ចំពោះ​ពលរដ្ឋ ជាពិសេស​កុមារ ដើម្បី​ឲ្យ​ពួកគេ​រស់នៅ​ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នីតិរដ្ឋ​ដែល​កម្ពុជា កំពុង​ប្រកាន់​យក។

លោក ហ៊ុន សែន បញ្ជាក់​ថា ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​សិទ្ធិ​ពេញលេញ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ជាពិសេស​កុមារី ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ដែល​អាច​ដោះស្រាយ​ឫសគល់​នៃ​ការ​រើសអើង ដោយ​ការ​ផាត់​ចេញ​ពី​សង្គម ដូចជា​កុមារី កុមារ​ជនជាតិ​ដើម​ភាគតិច និង​កុមារ​មាន​ពិការភាព ជាដើម។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ចំពោះ​ការ​លើកស្ទួយ​សិទ្ធិ​កុមារ ឬ​សិទ្ធិ​ដទៃ​ទៀត ដូចជា​សិទ្ធិ​នារី និង​កម្មករ​ជាដើម តែងតែ​ធ្វើ​ឡើង​តាម​រដូវកាល​នៃ​ខួប​របស់​សិទ្ធិ​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​លើកស្ទួយ​សិទ្ធិ​ឲ្យ​បាន​ពេញលេញ​ប្រកប​ដោយ​ចីរភាព​នោះ​ទេ។ លោក​អះអាង​ថា កុមារ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ត្រូវ​រង​ការ​រំលោភ និង​កេងប្រវ័ញ្ច​ពី​សំណាក់​ថៅកែ​លើ​កម្លាំង​ពលកម្ម​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តាម​កន្លែង​ការងារ​មួយ​ចំនួន ដូចជា​ការ​ធ្វើ​ការ​នៅ​ឡឥដ្ឋ ការ​ធ្វើការ​នៅ​ការដ្ឋាន​វាយ​ថ្ម និង​ការ​ស៊ី​ឈ្នួល​ក្នុង​វិស័យ​កសិកម្ម​ដែល​ធ្វើការ​នៅ​តាម​ចម្ការ​ជាដើម។

លោក មឿន តុលា បញ្ជាក់​ថា ដើម្បី​លើកស្ទួយ​សិទ្ធិ​កុមារ និង​បញ្ចៀស​ការ​រំលោភ​លើ​កម្លាំង​ពលកម្ម​កុមារ​បន្ត​ទៀត រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដាក់​ចេញ​នូវ​គោល​នយោបាយ​កែទម្រង់​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​ពលរដ្ឋ​ក្រីក្រ​ឱ្យ​មាន​ប្រសិទ្ធភាព​ជា​ចាំបាច់។ លើស​ពី​នេះ ក៏​ត្រូវ​ធ្វើ​កំណែ​ទម្រង់​បំបាត់​អំពើ​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​រាជការ​ផង​ដែរ ព្រោះ​ថា​បើ​អំពើ​ពុករលួយ​នេះ​នៅ​តែ​បន្ត ទោះ​រដ្ឋាភិបាល​ចង់​ស្ដារ​វិស័យ​អ្វី​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ​ដែរ។

មាត្រា ៤៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ទទួល​ស្គាល់​សិទ្ធិ​កុមារ​ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ដែល​មាន​ចែង​ពី​សិទ្ធិ​ធំៗ​ទាំង ៤ របស់​កុមារ​នៃ​មាត្រា​១២ រួមមាន​សិទ្ធិ​រស់រាន​មាន​ជីវិត គឺជា​សិទ្ធិ​មាន​ជីវិត និង​ទទួល​បាន​ការ​ថែទាំ​សុខភាព និង​វេជ្ជសាស្ត្រ​ក្នុង​កម្រិត​ខ្ពស់​បំផុត រីឯ​សិទ្ធិ​អភិវឌ្ឍន៍ គឺជា​សិទ្ធិ​ដែល​កុមារ​ត្រូវការ​ដើម្បី​លូតលាស់​ក្នុង​កម្រិត​ខ្ពស់​បំផុត និង​ដើម្បី​ក្លាយ​ទៅ​ជា​សមាជិក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម។

ចំណែក​សិទ្ធិ​ទទួល​បាន​នូវ​ការ​ការពារ គឺជា​សិទ្ធិ​រួច​ផុត​ពី​អំពើ និង​ការ​ប្រព្រឹត្ត​ផ្សេងៗ​ដែល​អន្តរាយ​ដល់​កុមារ ដោយឡែក​សិទ្ធិ​ចូលរួម គឺជា​សិទ្ធិ​ដែល​កុមារ​អាច​បញ្ចេញ​មតិ​របស់​ខ្លួន​គ្រប់​បញ្ហា​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ដើម​ឆ្នាំ​២០២០ ថា ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា នៅ​ពុំ​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ចំពោះ​កុមារ​ក្នុង​ការ​បញ្ជូន ឬ​រាយការណ៍​ពី​បញ្ហា​នានា​ទាក់ទង​នឹង​សិទ្ធិ​កុមារ​ទៅ​កាន់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ឱ្យ​បាន​ច្បាស់លាស់ និង​ទាន់​ពេលវេលា​នៅ​ឡើយ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស