មន្ត្រី​គយ​ខេត្ត​កោះកុង​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​សកម្មភាព​មេ​PM​ខេត្ត​ព្រះសីហនុ

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​អនុវត្តន៍​តួនាទី​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បក្ខពួក។

កន្លងមក​នេះ លោក ហេង ប៊ុនទី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​បញ្ជូន​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាច្រើន​ករណី ដើម្បី​ផ្គាប់ចិត្ត​ឈ្មួញ​ដី​ដែល​ជា​ឧកញ៉ា​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។

នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ ថ្មីៗ​នេះ លោក ហេង ប៊ុនទី ក៏​ត្រូវ​បាន​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ ឈ្មោះ សិទ្ធិ កូសាំងស៊ីន ប្តឹង​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​តួនាទី​ខ្លួន ដោយ​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ឃាត់​រថយន្ត​របស់​លោក ហើយ​នាំ​ទៅ​សួរ​ចម្លើយ និង​បង្ខាំង​ទុក​អស់​រយៈពេល ៣​ម៉ោង ដោយ​រូប​លោក​ទាំង​មិន​ដឹង​ថា​ប្រព្រឹត្ត​អ្វី​ខុស​សោះ។ លោក កូសាំងស៊ីន បាន​ចាត់​ទុក​សកម្មភាព​បញ្ជា​កម្លាំង​ក្រោម​ឱវាទ និង​ការ​ប្រើ​ពាក្យ​សម្ដី​របស់​លោក ហេង ប៊ុនទី ថា​ជា​ការ​គំរាមកំហែង និង​ប្រមាថ​ដល់​រូប​លោក​ជា​មន្ត្រី​រាជការ​ម្នាក់​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​បែបនេះ។

លោក សិទ្ធិ កូសាំងស៊ីន បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជាពិសេស​លោក ហ៊ុន សែន ជួយ​សង្កេត​តាមដាន​ទៅ​លើ​សកម្មភាព​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ថា​តើ​ការ​អនុវត្ត​តួនាទី​របស់​គាត់​ជាបន្តបន្ទាប់​មក​នេះ បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កន្លង​មក​នៅ​ពេល​ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​លើ​ជម្លោះ​ដីធ្លី​ដោយ​សន្តិវិធី ដើម្បី​ការពារ​ដី​កសិកម្ម និង​លំនៅឋាន​ខ្លួន​នៅ​តាម​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ គេ​តែង​សង្កេត​ឃើញ​លោក ហេង ប៊ុនទី តែងតែ​បាន​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ ឲ្យ​ចុះ​គំរាមកំហែង និង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ខ្នោះ​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ជាបន្តបន្ទាប់ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាច្រើន​ករណី។

ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅ​តាម​សហគមន៍​មួយ​ចំនួន​អះអាង​ថា ពួកគេ​ត្រូវ​បាន​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ប្លន់​ដីធ្លី​របស់​ពួក​គាត់​ជាបន្តបន្ទាប់​មក​នេះ បាន​ចាត់ទុក​ទង្វើ​របស់​កង​កម្លាំង​កងរាជ​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក ហេង ប៊ុនទី ថា​មាន​សកម្មភាព​ព្រៃផ្សៃ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក ហេង ប៊ុនទី ដើម្បី​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ឈ្មោះ សិទ្ធិ កូសាំងស៊ីន ខាង​លើ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ។

លោក ហេង ប៊ុនទី កន្លង​មក​ធ្លាប់​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ការ​បញ្ជូន​កម្លាំង​ចុះ​អនុវត្ត​កិច្ចការងារ ឬ​ក៏​ឃាត់​ខ្លួន​ពលរដ្ឋ ក៏ដូចជា​ជន​សង្ស័យ​ណា​ម្នាក់ គឺ​បាន​អនុវត្ត​ស្រប​តាម​ច្បាប់​ត្រឹមត្រូវ ដោយ​មាន​ការ​ស្នើសុំ​កម្លាំង​ជំនាញ​របស់​លោក ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមមាន​ស្ថាប័ន​តុលាការ និង​ទទួល​បទបញ្ជា ឬ​ការ​អនុញ្ញាត​ពី​ថ្នាក់លើ​ជា​មុន ទើប​អាច​បញ្ជូន​កម្លាំង​ចុះ​អនុវត្ត​កិច្ចការងារ​ទាំងអស់​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.