25 C
Phnom Penh

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីពិភាក្សាស៊ីជម្រៅអំពីភូមាជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ

បទវិភាគ

វិបត្តិនយោបាយនៅក្នុងប្រទេសភូមាត្រូវបានចាត់ទុកថាធ្លាក់ក្នុងកម្រិតវិបត្តិអន្ដរជាតិធ្ងន់ធ្ងរមួយក្នុងចំណោមវិបត្តិជាច្រើនទៀតដែលពិភពលោកជួបប្រទះ។

រដ្ឋប្រហារដែលពួកយោធាបានប្រព្រឹត្តឡើងនោះត្រូវ បានចាត់ទុកថាដើរផ្ទុយនឹងចរន្ដប្រជាធិបតេយ្យសកល។ ប្រទេសសមាគមអាស៊ានមួយនេះទើបឆ្លងកាត់ប្រជាធិបតេយ្យជាលើកដំបូងរយៈពេល៥០ឆ្នាំទើបស្គាល់ប្រជាធិបតេយ្យបាន៥ឆ្នាំប៉ុណ្ណោះក៏រលាយទៅវិញ។ សមាគមអាស៊ានបានសម្រេចចូលពាក់ព័ន្ធក្នុងសំណុំរឿងនេះដោយសារតែភូមាជាសមាជិកក្នុងតំបន់ផងដែរ។ យ៉ាងណាក៏ដោយនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីបានទទូចថា បញ្ហាប្រទេសភូមាត្រូវតែអន្ដរាគមន៍ដូចនឹងសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ។

ពីទីក្រុងកូឡាឡុំពួរ សារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយថានាយករដ្ឋ មន្ដ្រី ម៉ូហីឌីនយ៉ាស៊ីន បានពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីញ៉ូហ្គូតារ៉េស អំពីប្រទេសភូមា និងប្រទេសប៉ាឡេស្ទីន។

កិច្ចពិភាក្សានេះត្រូវបានរាយការណ៍មកថាធ្វើឡើងតាមទូរស័ព្ទដែលលោកអង់តូនីញ៉ូហ្គូតារ៉េសបានភ្ជាប់ទូរស័ព្ទមកកាន់នាយករដ្ឋមន្ដ្រី             ម៉ាឡេស៊ី។ ក្នុងកិច្ចពិភាក្សានេះបាននាំឲ្យការិយាល័យនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីចេញសេចក្ដីថ្លែងការណ៍ ដោយបានបញ្ជាក់ថា នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ទទួលស្គាល់ថា បញ្ហាពិភពលោកមួយចំនួន គឺចាំបាច់ណាស់ដែលង្គការសហប្រជាជាតិ ត្រូវតែដើរតួនាទីយ៉ាងសំខាន់ជាពិសេសបញ្ហាប្រទេសភូមាគឺឲ្យដូចនិងបញ្ហាប្រទេសប៉ាឡេស្ទីនព្រោះស្ថានភាពនៃប្រទេសទាំងពីរនេះឡើងដល់កម្រិតអន្ដរជាតិដូចគ្នា។

យោងតាមសេចក្ដីថ្លែងការណ៍នេះមេដឹកនាំទាំងពីរបានសម្ដែងសោកស្ដាយជាខ្លាំងអំពីវិបត្តិនៅប្រទេសភូមា និងសង្គ្រាមក្នុងដែនដី Gaza Strip នៃរដ្ឋប៉ាឡេស្ទីន។ ចំពោះប្រទេសភូមាលោកនាយករដ្ឋមន្ដ្រី ម៉ាឡេស៊ីបានប្រាប់អគ្គលេខាធិការ អង្គការសហប្រជាជាតិថា សមាគមអាស៊ាន កំពុងស្វែងរកដំណោះស្រាយ ពីអង្គការសហប្រជាជាតិព្រោះពេលនេះភូមា ទោះបីស្ថិតក្នុងជំលោះក្នុងតំបន់ក៏ពិតមែន ប៉ុន្ដែពួកយោធាភូមា បានទាញឲ្យរឿងនេះក្លាយជារឿងជំលោះ កម្រិតអន្ដរជាតិទៅហើយ។

បើតាមនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ឲ្យដឹងថា ការតែងតាំងប្រេសិតពិសេសសម្រាប់ប្រធានសមាគម អាស៊ានបានរួចរាល់ហើយ។ លោកបញ្ចាក់ថាថាអាស៊ាន នៅតែសល់ពេលវេលា ដើម្បីរៀបចំជួយសមាគម នេះតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថាអាស៊ាននឹងរុញស្ថានការណ៍៥ចំណុចដែលអាស៊ានសម្រេចបាននោះដើម្បីឲ្យអង្គការសហប្រជាជាតិដឹងអំពីវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសភូមា។

សេចក្ដីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីបានបន្ថែមទៀតថាក្រៅពីពិភាក្សារឿងបញ្ហាភូមា មេដឹកនាំទាំងពីរបានឈានទៅដល់ការពិភាក្សាគ្នាមួយលើកទៀត អំពីវិបត្តិសង្គ្រាមនៅប៉ាឡេស្ទីន។ ក្នុងន័យនេះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិរំពឹងថាភាគីទាំងពីរអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវតែបញ្ឈប់នយោបាយគំនុំសងសឹកដាក់គ្នា។ ប៉ាឡេស្ទីន និងអ៊ីស្រាអែលធ្លាប់ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចាប់តាំងពីឆ្នាំ១៩៦៧ ប៉ុន្ដែអ៊ីស្រាអែលនៅពេលធ្វើសង្គ្រាមម្ដងៗបាញ់កំទេចរដ្ឋប៉ាឡេស្ទីន វិនាសយ៉ាងធ្ងន់ធ្ងរ។

ការឈានទៅដល់បទឈប់បាញ់គ្នានៃការបញ្ចប់សង្គ្រាម១១ថ្ងៃ កាលពីថ្ងៃទី១២ ខែឧសភា បាននាំឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងតិច២៣០នាក់ស្លាប់ និងរបួស២ពាន់នាក់ចំណែកឯអ៊ីស្រាអែលស្លាប់ជាង១០នាក់។

ក្នុងសង្គ្រាមនេះ បាននាំអោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាញឹកញាប់ ហើយ ពេលនោះ ប្រទេសចិន និងរស្ស៊ី  មានសកម្មភាព សកម្មជាងគេ ក្នុងការរុញអោយបញ្ចប់សង្រ្គាម ហើយនៅទីបំផុតសង្រ្គាមមានរយៈពេល ១១ថ្ងៃបានបញ្ចប់ ក្រោយការទទួលយកដោយ ភាគីអ៊ីស្រាអែល ។

តែយ៉ាងណា អ្នកសង្កេតការណ៍មើលឃើញភាពខុសគ្នាជាខ្លាំង ចំពោះជំហររបស់ចិន និងរុស្ស៊ី ក្នុងបទអន្តរាគមន៍ជួយរកដំណោះស្រាយ បញ្ចប់វិវបត្តិនៅ ភូមា ។ ចិន និងរុស្ស៊ីតែងតែចេញមុខ ជំទាស់ មិនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញដំណោះស្រាយធ្ងន់ៗណាមួយទៅលើ របបសឹកភូមានោះទេហើយសូម្បី តែចេញសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងពួកយោធា ភូមា ក៏ចិននិងរុស្ស៊ីជំទាស់ដែរ។

ចាប់តាំងពីថ្ងៃរដ្ឋប្រហារទី១កុម្ភៈមក ក្រុមប្រឹក្សាសន្តិសុខ បានប្រជុំគ្នា ចំនួន៥ដងប៉ុណ្ណោះ ដោយពុំមានបទអន្តរាគមន៍ណាមួយ ជាក់ស្ដែង ចេញរូបរាងឡើយ ។ សហរដ្ឋអាមេរិក និងអង់គ្លេស តែងតែជំរុញអោយ ចិន និងរុស្ស៊ី ទទួលយក ដំណោះស្រាយមួយរឹងមាំនិងមានឥទ្ធិពល លើពួកយោធាភូមាដូចជាការដាក់ទណ្ឌកម្មអាវុធ និងសេដ្ឋកិច្ច ក៏ប្រទេស២នេះមិនព្រមដែរ។

ប៉ុន្តែមានកត្តាជាច្រើន ដែលប្រទេសមហាអំណាចទាំង២នេះ ជំទាស់យន្តកាក្រុមប្រឹក្សាសន្តិសុខ។ ទាំងចិន និងរុស្ស៊ី នៅតែមានទំនាក់ទំនងជាមួយ ពួកយោធា ទាំងពាណិជ្ជកម្ម និងវិស័យយោធា។ ចិន និងរុស្ស៊ី នៅតែ មានទំនាក់ទំនងក្នុងការបញ្ជូនអាវុធ ទៅប្រទេសភូមា ដោយចាត់ទុកថាជាគំរោងដែលនៅ មានស្រាប់ព្រោះ ជាកិច្ចព្រមព្រៀង មានតាំងពីការដឹកនាំរដ្ឋាភិបាល របស់រដ្ឋាភិបាល នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី។

តែជាមួយគ្នានេះ ចំពោះចិនវិញនៅតែមានទំនាក់ជាមួយពួកយោធា លើគ្រប់វិស័យ ជាពិសេស មុខជំនួញពាណិជ្ជកម្មដែលត្រូវបានមើលឃើញថា ជាការជួយ ពួកយោធាអោយបន្តទ្រទ្រង់របបសឹកនេះបន្តទៀត។

ក្នុងរយៈពេលចុងក្រោយនេះ ប្រជាជនភូមា កំពុងសំឡឹងទៅរកសមាគមអាស៊ានដើម្បីជួយ អោយពួកយោធាទំលាក់អំណាចទៅ រដ្ឋាភិបាល ជាប់ឆ្នោតវិញ។

តាមសេចក្ដថ្លែងការណ៍របស់ ការិយាយល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី  អាស៊ាន បានបង្កើតហើយនូវក្រុម យន្តការមួយរបស់សមាគមអាស៊ានដែលហៅថាក្រុម ប្រេសិត អាស៊ាន ដើម្បីប្រទេសភូមា ។

ក្រុមប្រេសិតនេះ ត្រូវបានបង្កើតឡើង បន្ទាប់ពី មេដឹកនាំអាស៊ាន បានជួបប្រជុំគ្នា កាលពីក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំសមាគមន៍កាលពីថ្ងៃទី២៤ ខែមេសា ដោយការសម្រេចនេះ មេរដ្ឋប្រហារភូមា ឧត្តមសេនីយមីនអ៊ុងឡាំង ក៏បានចូលរួមប្រជុំផងដែរ។ តាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រុមប្រេសិតនេះ នឹងទៅកាន់ប្រទេសភូមាឆាប់ៗនេះ ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស