ចិន សុំអោយតែវ៉ាន់ទទួលជំនួយវ៉ាក់របស់ចិនក្រោមហេតុផលសាច់ឈាមតែមួយ ប៉ុន្តែតៃវ៉ាន់មិនស្វាគមន៍ឡើយ

នៅខណៈនេះដែនដីកោះតៃវ៉ាកំពុងឆ្លងរីករាលដោយ ជំងឺកូវិដ ១៩ ក្នុងរលកទី២ ដែនកោះមួយនេះ ក៏កំពុងរងការវាយកាន់កាប់ដោយប្រទេសចិនជាសាច់ឈាមនឹងគ្នាដែរ។

ក្នុងរយៈពេល ចុងក្រោយនេះ តៃវ៉ាន់ ជាកូនកោះតូចមួយមានប្រជាជន ជាង២៣លាននាក់ រងការភ័យខ្លាំងណាស់ ដោយសារចិន ជាបងប្អួនតែមួយ បានធ្វើសមយុទ្ធទាំងទ័ពជើងទឹក និងជើងអាកាស សឹងមិនលោះថៃ្ងឡើយ គំរាមវាយលុកកាន់កាប់ ដោយបញ្ចេញយន្តហោះ ចម្បាំង ជាច្រើន គ្រឿងហោះហើលើលំហអាកាសតៃវ៉ាន់ ហើយសមយុទ្ធទ័ពជើងវិញ គឺឡោមព័ន្ធតៃវ៉ាន់តែម្ដង។

ចិនប៉េកាំងគំរាមថានឹងវាយកយកតៃវ៉ាន់បើដែនកោះមួយមិនព្រមចូលខ្លួនមករស់នៅក្រោម ប្រព័ន្ធនយោបាយរបស់ចិន គឺប្រទេសមួយ ប្រព័ន្ធ២។ តៃវ៉ាន់ក្រោមការដឹកនាំ របស់ស្ត្រីជើងខ្លាំងសាយអ៊ឹងវិន បានសច្ចាហើយថា មិនរស់ក្រោមដំបូលកុម្មុយនិស្តចិនដាច់ខាត ទោះកាលៈទេសៈណាក៏ដោយ គឺត្រូវការពារដែនកោះរបស់ខ្លួនដល់ថ្ងៃឱវាទ។

តែប៉ុន្មានថៃ្ងចុងក្រោយនេះ បក្សកម្មុនិស្តចិន បានទទូចទៅអាជ្ញាធរតៃវ៉ាន់ អោយយល់ព្រមទទួលយក ជំនួយវ៉ាក់សាំងពីចិន ដោយក្រុងប៉េកាំងបារម្ភថា ពលរដ្ឋតៃវ៉ាន់ជាជនរួមជាតិតែមួយ នឹងចិន អាចនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារការឆ្លងជំងឺកូវីដ។

ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍ថា  ប្រទេសចិនកាលពីថ្ងៃអង្គារបានបន្តស្នើសុំបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាបន្ទាន់ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយកោះនេះប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ។

ប្រទេសចិន និងកោះតៃវ៉ាន់ បានទាស់សម្តីគ្នាម្តងហើយម្តងទៀត ក្នុងអំឡុងពេលនៃការរាតត្បាត COVID-19 ដោយទីក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបានព្យាយាមរារាំងការចូលរបស់ខ្លួន  ជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ខណៈទីក្រុងប៉េកាំងវិញបានអះអាងថា ទីក្រុងតៃប៉ិកំពុងយកជំងឺឆ្លងរាតត្បាតនេះ ធ្វើជាឈ្នាន់បម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនសំដៅពង្រីកមាឌលើឆាកអន្តរជាតិ។

កោះតៃវ៉ាន់ពេលនេះកំពុងប្រឈមមុខនឹង ការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺនេះ ហើយកំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ដែលរហូតមកទល់ពេលនេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំងតែជាង ៧០ម៉ឺនដូសប៉ុណ្ណោះ ខណៈដែលប្រជាជនសរុបលើកោះនេះ មានរហូតដល់ជាង ២៣លាននាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ នៃប្រទេសចិន បានបញ្ចាក់ថា ចិនទោះជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងកោះតៃវ៉ាន់ ហើយក្នុងនាមជាជនរួមជាតិតែមួយ គឺចិនចាំបាច់ស្នើសុំផ្តល់ជំនួយវ៉ាក់សាំង ម្តងទៀតដល់កោះតៃវ៉ាន់។

ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានអះអាងថា អាកប្បកិរិយារបស់ចិនគឺច្បាស់លាស់ណាស់ ប្តេជ្ញារៀបចំឱ្យបានឆាប់ ។ដូច្នេះជនរួមជាតិតៃវ៉ាន់ភាគច្រើន នឹងមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រើប្រាស់បានឆាប់បំផុត។ ប្រសិនបើចាំបាច់ គឺក្រុងប៉េកាំងក៏មានឆន្ទៈ បញ្ជូនអ្នកជំនាញគ្រប់គ្រង និងបង្ការការឆ្លងរីករាលដាលនៃជំងឺនេះ ទៅកាន់កោះតៃវ៉ាន់ផងដែរ ដើម្បីចែករំលែកបទពិសោធន៍ ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពរបស់កោះតៃវ៉ាន់។

តែដែនតៃវ៉ាន់នៅ នៅតែពុំបានឆ្លើយតបចិនវិញនោះទេទោះជាពាក្យថាស្វាគមន៍ក៏គ្មានដែរ។

ការប្រកាសផ្តល់ជំនួយវ៉ាក់សាំង របស់ចិនទៅកាន់កោះតៃវ៉ាន់ គឺក្រោយពីចិនទទួលបានព័ត៌មានមកថា មានក្រុមអ្នកនយោបាយតៃវ៉ាន់មួយចំនួន បានជំរុញឲ្យអាជ្ញាធរដែនកោះនេះ បញ្ជាទិញវ៉ាក់សាំងពីចិនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ដែលស្ថិតនៅចំពោះមុខ។

កោះតៃវ៉ាន់ពេលនេះ មានករណីឆ្លង COVID-19 សរុប ករណីឆ្លង COVID-19 សរុប ជាង៥ពាន់ ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយជាង ១ពាន់ នាក់ ហើយអត្រាឆ្លងគឺជាមធ្យម ៣០០នាក់ក្នុងមួយថ្ងៃ។ បើទោះបីជាវ៉ាក់សាំងចិន បាននិងកំពុងត្រូវបានប្រើប្រាស់ ទាំងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសជាច្រើនក្នុងលោក ក៏ដោយក្តី សម្រាប់កោះតៃវ៉ាន់ នៅតែបញ្ជាក់ថា ខ្លួនមិនទុកចិត្តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិននោះទេ។

តាមប្រភពព័ត៌មានមួយទៀត ដែលចុះផ្សាយដោយសារព័ត៌មាន Taiwan News គឺកោះតៃវ៉ាន់នឹងទទួលបាន វ៉ាក់សាំងបង្ការកូវីដ-១៩រាប់លានដូសពីលោកខាងលិច មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បូករួមទាំងវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុកផងដែរ។

រដ្ឋមន្រ្តីសុខាភិបាលកោះតៃវ៉ាន់ លោក Chen Shih-chung បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 រាប់លានដូសនេះកំពុងត្រូវបានដឹកជញ្ជូនមកកាន់កោះតៃវ៉ាន់ ដែលនឹងមកដល់នៅខែមិថុនា។

លោក រដ្ឋមន្ត្រីChen Shih-chung បានអោយដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសនឹងមកដល់កោះតៃវ៉ាន់នៅចុងខែមិថុនា និង ១០លានដូសទៀតនៅចុងខែសីហា។

កោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ច្រើនជាង ២០លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Moderna ។ សម្រាប់សហរដ្ឋអាមេរិក ប្រកាសថានឹងផ្ដល់ជំនួយវ៉ាក់សាំងទៅអោយតៃវ៉ាន់ ក្នុងពេលឆាប់ៗខាងមុខនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.