គណបក្សក្រៅរដ្ឋាភិបាលថា បញ្ហាCovid-19នៅកម្ពុជាត្រូវបានគេរិះគន់ថា កំពុងស្ថិតក្នុងសេណារេយូនយោបាយ

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ លើកឡើងថា បញ្ហាCovid-19 បានក្លាយជាប្រធានបទដែលមានការជជែកគ្នាមិនដាច់ស្រេចថាតើ ជា Covid-19 ពិតប្រាកដ ឬជាCovid-19 ដែលប្រើដើម្បីជាឧបករណ៍នយោបាយនៅកម្ពុជា។

អគ្គហេរញ្ញិកគណបបក្សខ្មែរស្រលាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ ខែឧសភា នេះថា កម្ពុជា អាចនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺCovid-19 ច្រើនជាងនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនពឹងផ្អែក ទៅលើចិន តែមួយមុខដូចសព្វថ្ងៃនេះ។

លោកអះអាងថា បើរដ្ឋាភិបាលពិតជាយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ពលរដ្ឋមែន រដ្ឋាភិបាលគួរតែដាក់សំណើជំនួយវ៉ាក់សាំងដល់ប្រទេសលោកសេរីផងដែរ ដើម្បីសុំឲ្យពួកគេជួយកម្ពុជា ជាជាងទុកឲ្យប្រជាជនរបស់ខ្លួន រងការភ័យព្រួយពីបញ្ហាសុខភាពសាធារណៈ និងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរបន្តទៀតនោះទេ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលត្រូវចាក់វ៉ាក់សាំងមានប្រមាណជាជាង ១០លាននាក់ ចំណែកវ៉ាក់សាំងដែលកម្ពុជា ត្រូវការមានប្រមាណជាង ២០លានដូសប៉ុណ្ណោះដើម្បីចាក់ជូនប្រជាជន ដូច្នេះរដ្ឋាភិបាលកម្ពុជា មិនគួរអូសបន្លាយពេល នៃការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្មែរដើម្បីស្ដារសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញបានទាន់ពេលវេលានោះទេ។ ដោយសារតែបញ្ហានេះ ប្រជាជនបានប្រឈមមុខនឹងការដួលរលំអាជីវកម្ម និងបំណុលធនាគារយ៉ាងច្រើន។

ការអះអានេះធ្វើដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជា ថា ហាក់មិនបានយកចិត្តទុកដាក់អំពីការបញ្ចប់បញ្ហាCovid-19 ឲ្យបានឆាប់ដែលបង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋពេញប្រទេសក្នុងពេលសព្វថ្ងៃនេះ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង បានអះអាងថា នៅក្នុងក្របខណ្ឌនៃ យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ក្នុងទីក្រុងភ្នំពេញ ជូនពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ សរុបទាំងពីរលើកចាក់បានចំនួនជាង ១លាន ៦សែននាក់ហើយ។

លោកបញ្ជាក់ថា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងទីក្រុងភ្នំពេញ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ឲ្យបានគ្រប់ៗគ្នា ក្នុងនោះ ក៏នឹងចាក់ជូន កម្មករដែលបម្រើការនៅតាម រោងចក្រ សហគ្រាស ឬក្រុមហ៊ុន ឲ្យបានគ្រប់គ្នាផងដែរ។

គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជា ទទួលបានវ៉ាក់សាំងបាន ៦លានដូសហើយ ក្នុងនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយចិន មានចំនួន ១លាន ៧សែនដូស ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីចិន មានចំនួន ៤លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាជំនួយមជ្ឈមណ្ឌលកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក មានចំនួនជាង ៣២ម៉ឺនដូស ផងដែរ។ របាយការណ៍ក្រសួងសុខាភិបាល បានអះអាងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ ពលរដ្ឋទូទាំងប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ចំនួនជាង ២លាន ២សែននាក់ហើយ។ ក្នុងនោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានជាង ៦ម៉ឺននាក់ផងដែរ។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានអះអាងថា រកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន ៦៦០នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៧៥០នាក់ និងមានអ្នកស្លាប់ថ្មី ៧នាក់។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជិត ៣ម៉ឺននាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជិត ២ម៉ឺននាក់ ចំណែកអ្នកស្លាប់បានកើនឡើងដល់ ១៩០នាក់ហើយនៅពេលនេះ។

កាលពីចុងឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ត្រូវការវ៉ាក់សាំងជាង ២០លានដូស ដើម្បីចាក់ជូនពលរដ្ឋឲ្យបានជាង ១០លាននាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.