ប័ណ្ណសារ

លោក​ ហ៊ុន សែន បញ្ជាក់​ពី​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ពី​ស្រា​បៀរ​​

By

May 15, 2012

អំឡុង​ពិធី​សម្ពោធ​រោង​ចក្រ​ស្រា​បៀរថ្មី​​របស់ខ្មែរ ដែល​ចំណាយទឹក​ប្រាក់​៦០​លាន​ដុល្លារ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​សាធារណជន​ឲ្យជួយប្រទេស​ ដោយ​ពិសា​ស្រា​បៀរ​ឲ្យ​បាន​ច្រើន​ទៀត​។

លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាស​ន៍​អំឡុង​ពិធី​សម្ពោធ​រោង​ចក្រផលិតស្រាបៀរ​មួយនៅ​ក្នុង​សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ​ ថា “​កុំ​ភ្លេច​ណា ផឹក​មួយ​កំប៉ុង​ ឬ​មួយ​ដប​​ រដ្ឋ​ត្រូវ​យក​ប៉ុន្មាន​?”។

លោក ហ៊ុន សែន​ បាន​មាន​ប្រសា​សន៍ថា រដ្ឋ​យកពន្ធ​តម្លៃ​បន្ថែម​១០​ភាគរយ អាក​ពិសេស​២០​ភាគ​រយ​ សម្រាប់​ស្រាបៀរ​មួយ​កំប៉ុង​ ឬ​មួយ​ដប​ ដែល​លក់​ក្នុង​ស្រុក​ ដូច្នេះ​ពិសាស្រាបៀរ​អាច​ជួយ​ប្រទេសជាតិ​បាន​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា  “ ដូច្នេះ​ ផឹក​មួយ​កំប៉ុង រដ្ឋ​យក​ពន្ធ​៣០​ភាគ​រយ។ ប្រាក់​ដែល​យើង​ទទួល​ពី​ចំណូល​នេះ​អាច​ប្រើ​ ដើម្បីកសាង​ហេដ្ឋា​រចនាសម្ពន្ធ ឬប្រើ​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​ វេជ្ជ​បណ្ឌិត និង​មន្ត្រី​រាជការ​ ដូចជា កង​​កម្លាំង​ប្រដាប់អាវុធ​ជា​ដើម​”។

លោក​​មានប្រសាសន៍​បន្ថែម​ថា “ អ្នក​មក​​ចូល​រួម​នៅ​ទីនេះ​ ថាទេ រោង​ចក្រ​នេះ​មិន​​មាន​ផល​ប្រយោជន៍​អីដល់អញផង។ មិនមែនអ៊ីចឹងទេ”។លោក​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ស្រាបៀរ​ ដែលផលិត​ថ្មីៗរបស់​ក្រុម​ហ៊ុន​ស្រា​បៀរ​ខ្មែរ គឺ​ស្រាបៀរ​កម្ពុជា (Cambodia Beer)។

លោក​ ហ៊ុន​ សែន​ ​បន្ដ​ថា “ ខ្ញុំ​សូមបញ្ជាក់​បន្ដិច​ថា ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ផលិត​ស្រាបៀរ​នេះ​ឡើង​។ យោងតាម​របាយ​ការណ៍​​របស់លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ បាន​ឲ្យ​ដឹង​ថា នេះ​ជា​រោង​ចក្រ​ទី​៦ហើយ ដែល​ផលិត​ស្រាបៀរ លក់​នៅ​ក្នុង​ប្រទេស​របស់​យើង ប៉ុន្ដែ​វា​ប្លែក​ បើ​ប្រៀប​ធៀបទៅ​នឹង​រោង​ចក្រ​ផ្សេង​ទៀត​ ពី​ព្រោះ​វាជា​ស្រា​បៀរ​ចេញ​ពី​រោង​ចក្រ​ខ្នាតធំ​ ហើយ​ផលិត​ដោយ​ដើម​ទុន​​ខ្មែរ​សុទ្ធសាធ​ទាំង​អស់​”។

ដោយ​ដាក់​រូប​ប្រាសាទ​ព្រះ​វិហារ ជា​និមិត្ត​សញ្ញា​របស់​ខ្លួន​ ស្រា​បៀរ​កម្ពុជា ​បាន​ចាប់​ផ្ដើម​ផលិត​កាល​ពី​​ខែវិច្ឆិកា ហើយ​បាន​និង​កំពុង​ផ្សព្វ​ផ្សាយ​អំពីរោង​ចក្រ​ស្រា​បៀរ​ខ្នាត​ធំនេះ នៅ​ទូទាំង​ប្រទេស​។

លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​សហ​គមន៍​ នៅជុំវិញរោង​ចក្រ​ស្រាបៀរ​នោះឲ្យ​ជួយថែរក្សា​​រោង​ចក្រ​នេះ​​ផង​។ លោក ហ៊ុ​ន សែន បាន​មាន​ប្រសា​សន៍ថា  “ អ្នក​នៅ​ជិត​ខាង​កន្លែង​នេះ​ក៏​ត្រូវ​ការ​ពារ​រោង​ចក្រ​ផង​ បើ​ខូច​រោង​ចក្រ​ និង​បាត់​បង​់​រោង​ចក្រ​ យើង​ក៏ទទួល​ផ្នែក​ណា​មួយ​នៃ​ការ​បាត់​បង់​ចំណូល​ដែរ”។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​អំពាវ​នាវ ដល់​បណ្ដារោង​ចក្រ​ផលិត​ស្រា​បៀរ និង​អាជីវ​កម្ម​ផ្សេង​ៗទៀត ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិត​ផល​របស់​ខ្លួន​ឈាន​ដល់​និយាម​​អន្ដរជាតិ​។

លោក​បាន​មាន​ប្រសាសន៍ថា “ ពេល​នេះ​យើងមិន​គួរបង្កើត​​ផលិតផល​ក្នុង​ស្រុក​សម្រាប់​តែ​ទី​ផ្សារ​ក្នុង​ស្រុក​របស់​យើង​នោះ​ទេ ក៏​ប៉ុន្ដែយើង​ក៏ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​នាំ​ចេញ​ស្រាបៀរ​របស់​ខ្លួន​ទូទាំង​សាកល​លោក​ផង​ដែរ”។

លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហកម្ម បាន​លើក​ឡើង​នៅ​ឯ​ពិធី​នោះ​ដែរថា ចំណូល​សរុប​ដែល​កម្ពុជា​ទទួល​បាន​ពី​អាហារ​កែ​ច្នៃ​ និង​ការនាំ​ចេញ​ស្រាបៀរនៅ​ក្នុង​ឆ្នាំ​២០១១ មាន​ជាង​១ពាន់​លាន​ដុល្លារ ដែល​​ក្នុង​នោះ​ផលិត​ផល​ស្រា​បៀរ​ក្នុង​ស្រុក​មាន​ប្រហែល​៤០០លាន​ដុល្លារ។

លោក លាង ឃុន ប្រធាន​រោង​ចក្រ​ស្រា​​បៀរខ្មែរ ​ថ្លែង​អំណរ​គុណ​ដល់​លោក​ ហុ៊ន សែន អំឡុង​សុន្ទរកថាគាំទ្រ​របស់​លោក​​។លោក​បាន​មាន​ប្រសាសន៍ថា “ ការ​បង្កើត​រោង​ចក្រ​ស្រា​បៀរ​នេះ គឺ​កើត​ឡើង​ដោយ​សារ​​​តែ​ការ​ដឹក​នាំ​ដ៏មាន​ទេពកោសល្យ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន”។ លោកបាន​មាន​ប្រសា​សន៍​បន្ថែម​​ទៀតថា រោង​ចក្រ​នេះ​នឹង​ផលិត​ស្រា​បៀរ​៥០លាន​លីត្រ ក្នុង​មួយ​ឆ្នាំ​ ដោយ​ប្រើ​ឧបករណ៍​ផលិតនាំចូលពីអាល្លឺម៉ង់។ លោក​ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា រោង​ចក្រនេះ​នឹង​ជួល​បុគ្គលិក​ចំនួន​១.៥០០នាក់ ដោយ​ផ្ទាល់​ និង​ផ្ដល់​ការ​ងារ​ដោយ​ប្រយោល​ចំនួន​៥.០០០ទៀត។

លោក​ លាង ម៉េង ប្រធាន​ក្រុម​ហ៊ុន ជីប​ម៉ុង​គ្រុប ដែល​បង្កើត​រោង​ចក្រ​ស្រាបៀរ​ខ្មែរ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​ ហ៊ុនសែន ​គាំ​ទ្រ​រោង​ចក្រ​ស្រា​បៀរ របស់លោក ក៏ប៉ុន្ដែ​ លោក​បាន​បន្ថែម​ថា លោក​នាយក​រដ្ឋ​មន្ត្រីមិន​មានភាគ​ហ៊ុនណាមួយ​ក្នុង​ក្រុម​ហ៊ុន​​នេះ ក្រៅតែ​ពីរង់​​ចាំ​មើល​រោង​ចក្រ​កម្ពុជា​រីក​ដុះ​ដាល​ឡើង​ប៉ុណ្ណោះ​។

លោក លាង ម៉េង បាន​មាន​ប្រសា​សន៍ថា  “គាត់​គ្រាន់​តែ​ចង់គាំ​ទ្រ​វិនិយោគិន​ទាំង​អស់​ឲ្យ​ចូល​មក​រកសុីក្នុងប្រទេស​កម្ពុជា​ ហើយ​នេះ​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចង់​គាំ​ទ្រ​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​។ លោកមិន​មែន​​ជា​វិនិយោគិន​នោះ​ទេ”។ លោក​បាន​មាន​ប្រសាសន៍ថា ស្រា​បៀរ​កម្ពុជា ​កំពុង​ត្រូវ​នាំចេញ​ទៅ​​ជប៉ុន និង​មាន​គម្រោង​ពង្រីក​ការ​នាំ​ចេញ​ទៅ​ប្រទេស​អាល្លឺម៉ង់ បារំាង និង​សហ​រដ្ឋ​អាមេរិក។

លោក​ អុឹម មករា អ្នក​គ្រប់​គ្រង​នៅ​រោង​ចក្រ​ស្រាបៀរ​កម្ពុជា ​ប្រចាំ​ខេត្ត​សៀមរាប ដែល​ផលិត​ស្រា​បៀរដូច Anchor Beer ABC Stout និង​ស្រាបៀរ Tiger Beer បាន​មាន​ប្រសា​សន៍ថា លោក​មិន​ជំទាស់​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់លោក​ ហ៊ុន សែន អំពី​​ស្រាបៀរ​កម្ពុជា ដែល​ជា​គូ​ប្រជែង​ថ្មី​នេះ​ឡើយ។ ប្រជា​ពល​រដ្ឋ​នឹង​ជ្រើស​រើស​ស្រាបៀរ​ ដែល​ពួកគេ​ ចង់​ពិសារ​។

លោក​បាន​មាន​ប្រសាសន៍ថា “ វាមិន​បញ្ហា​ទេ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លើក​​ឡើង​អំពី​ស្រា​បៀរ​កម្ពុជា​នោះ។ ពួក​គេ​​នឹង​គិត​ខ្លួនឯង”។ លោក ជាង គ័នជូ ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​ប្រចាំ​ក្រុម​ហ៊ុន​ខេម​ប្រ៊ូ (Cambrew) របស់​​ ស្រាបៀរ​អង្គរ​ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​

អំពី​សុន្ទរកថា​របស់លោក​ ហ៊ុន សែន ឡើយ។ ស្រាបៀរ​អង្គរ ជាស្រាបៀរ​នាំ​មុខ​គេ​នៅ​ កម្ពុជា​ និង​​ជាស្រាបៀរ ​ដែល​មាន​ទំនាក់​ទំនង​បំផុត​ជាមួយ​ប្រទេស​នេះ​៕

ប្រែ​សម្រួល​ដោយ  ចេវ ប៊ុននី​